បរទេស៖ លោក Ole Gunnar Solskjaer អ្នក​ចាត់​ការ​ទូទៅរបស់ក្រុម Manchester United បាន​ទទួលស្គាល់ថា ក្រុម​របស់​លោក​មិន​អាច​ធ្វើ​ឲ្យ​ភ្លាតស្នៀត​ម្តង​ទៀត​ឡើយ នៅពេល​ប្រកួត​ជាមួយនឹងក្រុម Istanbul Basaksehir នៅ​រាត្រី​នេះ ប្រសិន​បើ​ពួកគេ​ចង់​ឈាន​ទៅ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​។

Man United បាន​ចាប់​ផ្តើម​យ៉ាងល្អ​ក្នុងការ​ប្រកួត​ពូល H តាម​រយៈការ​ដណ្តើម​បាន​ជ័យ​ជម្នះ​​២លើក លើក្រុម​ជើង​ខ្លាំង Paris Saint-Germain និង RB Leipzig ដែល​សុទ្ធ​សឹង​ជាក្រុម​បាន​ឈាន​ទៅ​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ Champions League កាលពី​រដូវ​កាល​មុន​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ការ​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-១ ក្នុង​ប្រទេស​តួក​គី កាលពី​៣​សប្តាហ៍​មុន បាន​ដាក់​សម្ពាធ​ត្រឡប់​មក​វិញ នៅពេល​ដែល​ក្រុម Basaksehir ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន Old Trafford នៅ​រាត្រីនេះ​។ Man United នៅ​តែ​នាំមុខ​លើកំពូល​តារាង ដោយ​មាន​៦ពិន្ទុ​ រួម​ជាមួយនឹងក្រុម Leipzig ខណៈ​ដែល PSG និង Basaksehir មាន​៣ពិន្ទុ​ដូចគ្នា​។

លោក Solskjaer បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​មុន​ការ​ប្រកួត​ថា៖ «យើង​ត្រូវ​ការ​យ៉ាងហោណាស់​១០ពិន្ទុ ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត ប៉ុន្តែ ទោះ​បី​បែប​នោះ​យើង​ត្រូវ​តែ​រក​ឲ្យ​បាន​១២ពិន្ទុ​។ យើង​នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​នេះ ដោយ​ត្រូវដណ្តើម​យក​ជ័យ​ជម្នះ និង​ព្យា​យាម​ឈ្នះ​ជាមួយនឹង​ទម្រង់​លេង​យ៉ាងល្អ ពីព្រោះយើង​នៅ​សល់​ការ​ប្រកួត​ជា​ច្រើន​ទៀត​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia