បរទេស៖ លោក Ole Gunnar Solskjaer អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Manchester United សង្ឃឹម​ថា ការ​លើក​ពានក្រប​ខ័ណ្ឌ Europa League នឹងក្លាយ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​ឈ្នះ​ពាន​ជាច្រើន​ទៀត​សម្រាប់​ក្លិប​នេះ​។

Man United នឹង​ត្រូវ​ប្រកួត​ជាមួយ​នឹងក្រុម​អេ​ស្ប៉ាញ Villarreal ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​រាត្រីនេះ នៅ​ទីក្រុង Gdansk ដោយ​ពួកគេ​កំពុង​តែ​ស្រេក​ឃ្លាន​ក្នុងការ​ឈ្នះពាន​ជាលើក​ទី​១​របស់​ពួកគេ បើ​គិត​ចាប់​តាំងពី​បានលើក​ពាន Europa League ក្រោម​កាដឹកនាំរបស់​លោក Jose Mourinho ក្នុងឆ្នាំ​២០១៧​។ ក្រោយពី​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ ក្នុងក្រប​ខ័ណ្ឌ Premier League នៅ​រដូវកាល​នេះ ដែល​ជា​ចំណាត់ថ្នាក់​ដ៏ខ្ពស់​បំផុត​របស់​ពួក​គេ ក្នុង​ចំណោម​ការ​កាន់​តំណែង​រយៈពេល​៣​រដូវ​កាល​របស់​គ្រូបង្វឹក​សញ្ជាតិ​ន័រ​វែស​រូបនេះ លោក Solskjaer កំពុង​តែ​កំណត់​គោល​ដ៏ខ្ពស់ ស្រប​ពេល​ដែលោក​សម្លឹង​រក​រក្សា​ជ័យ​ជម្នះ​សម្រាប់ Man United ដូច​កាល​ពីមុន​។

លោក Solskjaer បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​​កាលពីថ្ងៃ​អង្គារ​ថា៖ «យើង​ត្រូវ​ជួប​រាត្រី​ដ៏សំខាន់​មួយ ហើយ​វា​ប្រហែល​ជា​ការ​​បោះជំហាន​ដ៏ធំមួយ​ឆ្ពោះ​ទៅកាន់​ភាព​ល្អ​ប្រសើរ​ទៅ​ថ្ងៃ​អនា​គត​។ វា​ជា​​អនា​គត​ដ៏ត្រចះ​ត្រចង់សម្រាប់​ក្រុម​នេះ ដែល​ជុំ​ដោយ​កីឡាករ​វ័​យ​ក្មេង​។ នេះ​គឺ​ជា​ក្រុម​ដែល​យើង​បាន​បង្កើត​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ជាការរំពឹង​ទុក នេះគឺ​ជា​ចាប់​ផ្តើម​នៃ​ការ​ឈ្នះពាន​ជាច្រើន​ទៀត​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia