បរទេស៖ ខ្សែ​ប្រយុទ្ធ Kylian Mbappe និង Neymar ចាំ​បាច់ត្រូវ​តែ​​ស្វែង​រក​ភាព​មុតស្រួចរបស់ពួក​គេ​​​ក្នុងការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League ត្រឡប់​មក​វិញ នៅពេល​ដែល​ក្រុម​​ញាំញី​ដោយ​របួស Paris St Germain ប៉ះ​ជាមួយនឹងក្រុម RB Leipzig ក្នុងការ​ប្រកួតពូល H នៅ​រាត្រីនេះ​។

ខ្សែ​ប្រយុទ្ធ​ទាំង​២ បាន​​វិល​ចូល​លេង​វិញ ក្រោយពី​​ការ​អវត្ត​មាន​ដោយ​សារ​តែ​របួស ប៉ុន្តែ Neymar មិន​ស៊ុត​បាល់​បញ្ចូល​ទី​​សោះ ក្នុងការ​ប្រកួតក្រ​ប​ខ័ណ្ឌ Champions League ៥លើក​ចុងក្រោយ​របស់​​គេ ស្រ​ប​ពេល​ដែល Mbappe មិនធ្លាប់​បាន​ស៊ុត​បាល់បញ្ចូល​ទី​សោះ​ក្នុង​​យុទ្ធនាការ​នេះ ក្នុង​ចំណោម​ការ​ប្រកួត​៧​លើក​ចុងក្រោយ​របស់​គេ​។ លោក Thomas Tuchel ដែល​ជា​គ្រូបង្វឹក បានប្រាប់​សន្និ​សីទសារ​ព័ត៌​មាន​មួយ​កាលពីថ្ងៃ​ចន្ទ​ថា៖ «យើង​​ពិត​ជាមាន​បញ្ហា ប្រសិន​បើ​ Kylian Mbappe និង Neymar មិន​ស៊ុត​បាល់​បញ្ចូល​ទី​ទេ​នោះ​។

ពួកគេ​មាន​ឥទ្ធិពល​ដ៏​ធំមួយ ពួ​ក​គេ​ជាកីឡាករ​សំខាន់ ហើយ​ខ្ញុំ​សង្ឃឹម​ថា ពួក​គេ​អាច​ស៊ុត​បាល់​បញ្ចូល​ទីនៅ​ថ្ងៃ​ស្អែក​នេះ​»​។ គ្រូបង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ ត្រូវ​តែ​រៀប​ចំ​ក្រុម​ដោយ​គ្មាន​ខ្សែ​ការ​ពារ Thilo Kehrer និង Juan Bernat ខ្សែ​បម្រើ Marco Verratti និង Julian Draxler ក៏ដូច​ជា​ខ្សែ​ប្រយុទ្ធ Mauro Icardi​។ ជា​ធម្ម​តា ក្រុម PSG នឹងពឹង​ផ្អែក​​ទៅលើ​តំបន់​ប្រយុទ្ធរបស់​ពួក​គេ នៅពេល​ដែល​ប្រកួត​ជាមួយនឹងក្រុម​ដែលពួក​គេ​បាន​ទម្លាក់​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កាលពី​រដូវកាល​មុន​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia