បរទេស៖ ក្រុម Juventus, Chelsea និង Sevilla សុទ្ធ​សឹង​ដណ្តើម​បាន​ជ័យ​ជម្នះដូចគ្នា ខណៈ​ដែលពួក​គេ​បាន​ឈ្នះ​កៅអី​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃ​អង្គារ ស្រប​ពេល​ដែល​កីឡាករ Martin Braithwaite បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ពេលក្រុម Barcelona បាន​យកឈ្នះ​លើ​ក្រុម Dynamo Kiev ៤-០ ដើម្បី​ឈ្នះ​​កៅអី​ទៅ​វគ្គ​បន្ត​​ដូចគ្នា​​។

ក្រុម​ទាំង​៤ គឺ​ជា​ក្រុម​ដំបូង​គេ​ដែល​បា​ន​ឆ្លង​ផុត​វគ្គ​ចែកពូល ខណៈ​ដែលនៅ​សល់​ការ​ប្រកួត២​លើក​ទៀត​។ ក្រុម Barcelona បាន​លេង​ដោយ​គ្មាន​តារាឆ្នើម Lionel Messi សម្រាប់​ការ​ប្រកួត​នៅ​ទឹកដី​អ៊ុយ​ក្រែន ប៉ុន្តែ ក្រុម​របស់លោក Ronald Koeman ធ្វើ​បាន​យ៉ាងល្អ ដើម្បី​កត់ត្រា​ជ័យ​ជម្នះ​៤លើក​ពីការប្រកួត​ទាំង​៤លើក​ក្នុងពូល G​។ លោក Koeman បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​សម្រេច​គោល​ដៅ​របស់​យើង​ហើយ​។ យើង​បង្ហាញពី​ភាព​ស្រេកឃ្លាន និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៤​គ្រាប់​។ ​កីឡាករ​សំខាន់​ៗ​អាច​សម្រាក​បាន​ហើយ ហើយ​កីឡាករ​​វ័យ​ក្មេង​មាន​ឱកាសលេង​»​។

Juventus បាន​ចូលរួម​ជាមួយនឹងក្រុម Barcelona ក្នុងការ​ឈ្នះកៅអី​ទៅ​វគ្គ​បន្តក្នុងពូល G តាម​រយៈគ្រាប់បាល់​​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ពី​ខ្សែ​ប្រយុទ្ធ Alvaro Morata ដើម្បី​ផ្តួលក្រុម Ferencvaros ២-១ ក្នុង​ទីក្រុង​ Turin​។ ជាមួយ​គ្នា​នេះ ក្រុម Chelsea និង Sevilla ក៏​បាន​ឈ្នះ​កៅអី​របស់ខ្លួន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ផងដែរ ក្រោយពី​បាន​ផ្តួលក្រុម Rennes និង Krasnodar ក្នុង​លទ្ធផល​ ២-១ ដូចគ្នា នាការ​ប្រកួត​នៅ​ថ្ងៃ​ដដែលនោះ៕

ប្រភព​ព័ត៌​មាន៖ Channel News Asia