បរទេស៖ លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្លិប Liverpool បានបញ្ជាក់ថា Roberto Firmino គឺជាកីឡាករដ៏សំខាន់ម្នាក់ ក្នុងការរក្សាធ្វើឲ្យក្រុមស្ថិតក្នុងកម្រិតលេងដ៏អស្ចារ្យ បើទោះបីខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ មិនបានរកគ្រាប់បាល់បញ្ចូលទីច្រើនសម្រាប់ក្រុមម្ចាស់ជើងឯកមួយនេះ នាពេលថ្មីៗក៏ដោយ។
គ្រាប់បាល់តែតបញ្ចូលទីរបស់ Firmino ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៣-០ លើក្រុម Leicester គឺជាគ្រាប់បាល់ទី៦របស់គេក្នុងឆ្នាំ២០២០មកទល់ពេលនេះ។ ការមិនអាចរកគ្រាប់បាល់បានច្រើនរបស់ Firmino មានភាពផ្ទុយគ្នាស្រឡះទៅនឹងតារាឆ្នើម Mohamed Salah, Sadio Mane និង Diogo Jota របស់លោក Klopp។ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះ មិនធ្លាប់ត្រូវបានចាត់ទុកថា ជាអ្នកបញ្ចប់គ្រាប់បាល់ចុងក្រោយដ៏មុតស្រួចម្នាក់ឡើយ ប៉ុន្តែ ការរិះគន់ទៅលើការមិនអាចរកគ្រាប់បាល់ឲ្យបានច្រើនទៅលើរូបគេ បានកើតឡើងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Klopp ដែលក្រុមរបស់លោកនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Atalanta ក្នុងក្របខ័ណ្ឌ Champions League នៅរាត្រីនេះ បានបញ្ជាក់ថា តម្លៃរបស់ Firmino ត្រូវបានកាត់សេចក្តីលើសពីការរកគ្រាប់បាល់ទៅទៀត។

BERGAMO, ITALY – Tuesday, November 3, 2020: Liverpool’s Diogo Jota scores the first goal during the UEFA Champions League Group D match between Atalanta BC and Liverpool FC at the Stadio di Bergamo. (Pic by Simone Arveda/Propaganda)
លោក Klopp បាននិយាយកាលពីថ្ងៃអង្គារថា៖ «ការរកគ្រាប់បាល់បញ្ចូលទីពិតជាសំខាន់សម្រាប់ Firmino ប៉ុន្តែ Firmino គឺជាកីឡាករបាល់ទាត់ពេញសមត្ថភាពម្នាក់»។ ការមានទម្រង់លេងយ៉ាងល្អរបស់ Jota ចាប់តាំងពីផ្ទេរមកពីក្លិប Wolves បានបង្កើតឲ្យមានសំណួរជាច្រើនអំពីតំណែងរបស់ Firmino ក្នុងជម្រើសដំបូង ប៉ុន្តែ លោក Klopp បានបញ្ជាក់ថា លោកមិនព្រួយបារម្ភអំពីសមត្ថភាពរបស់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះឡើយ៕
ប្រភពព័ត៌មាន៖ Channel News Asia