បរទេស៖ លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Liverpool បាន​បញ្ជាក់​ថា Roberto Firmino គឺ​ជាកីឡាករ​ដ៏សំខាន់​ម្នាក់ ក្នុងការ​រក្សា​ធ្វើ​ឲ្យ​​ក្រុម​ស្ថិត​ក្នុងកម្រិតលេង​ដ៏​អស្ចារ្យ បើ​ទោះ​បី​​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល​រូបនេះ មិន​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទីច្រើន​សម្រាប់​ក្រុម​ម្ចាស់​ជើង​ឯក​មួយ​នេះ នា​ពេលថ្មី​ៗ​ក៏ដោយ​។

គ្រាប់​បាល់​តែតបញ្ចូល​ទី​របស់​ Firmino ក្នុង​ពេលក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ ៣-០ លើក្រុម Leicester គឺ​ជា​គ្រាប់​បាល់​ទី​៦​របស់គេ​ក្នុង​ឆ្នាំ​២០២០មក​ទល់​ពេលនេះ​។ ការមិន​អាច​រក​គ្រាប់បាល់​បាន​ច្រើន​របស់ Firmino មានភាព​ផ្ទុយ​គ្នា​ស្រឡះ​ទៅនឹង​តារាឆ្នើម Mohamed Salah, Sadio Mane និង Diogo Jota របស់​លោក Klopp​។ ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​រូបនេះ មិន​ធ្លាប់​ត្រូវ​បាន​ចាត់​ទុក​ថា ជា​អ្នក​បញ្ចប់​គ្រាប់​បាល់​ចុងក្រោយ​ដ៏​មុតស្រួច​ម្នាក់ឡើយ ប៉ុន្តែ ការ​រិះគន់​ទៅលើ​ការ​មិន​អាច​រក​គ្រាប់បាល់​ឲ្យ​បាន​ច្រើន​ទៅលើ​រូប​គេ បាន​កើត​ឡើងកាន់​តែ​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Klopp ដែលក្រុម​របស់​លោក​នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម Atalanta ក្នុង​ក្រប​​ខ័ណ្ឌ Champions League នៅ​​រាត្រី​នេះ បាន​បញ្ជាក់​ថា តម្លៃ​របស់ Firmino ត្រូវ​បាន​កាត់​សេចក្តី​លើ​ស​ពីការ​រក​គ្រាប់​បាល់​​ទៅ​ទៀត​។

BERGAMO, ITALY – Tuesday, November 3, 2020: Liverpool’s Diogo Jota scores the first goal during the UEFA Champions League Group D match between Atalanta BC and Liverpool FC at the Stadio di Bergamo. (Pic by Simone Arveda/Propaganda)

លោក Klopp បាន​និយាយ​កាលពីថ្ងៃ​អង្គារ​ថា៖ «ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ពិត​ជា​សំខាន់​សម្រាប់ Firmino ប៉ុន្តែ Firmino គឺ​ជា​​កីឡាករ​បាល់​ទាត់​ពេញ​សមត្ថភាពម្នាក់​»​។ ការ​មាន​ទម្រង់​លេង​យ៉ាងល្អ​របស់ Jota ចាប់​តាំងពីផ្ទេរ​មកពីក្លិប Wolves បាន​បង្កើត​ឲ្យមាន​សំណួរ​ជាច្រើន​អំពី​តំណែង​របស់ Firmino ក្នុង​​ជម្រើសដំបូង ប៉ុន្តែ លោក Klopp បាន​បញ្ជាក់​ថា លោក​មិន​ព្រួយ​បារម្ភ​អំពី​សមត្ថភាព​របស់ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល​រូបនេះ​ឡើយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia