បរទេស៖ ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​ជួយ​ឲ្យ​ក្រុម Bayern Munich ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៣-១ លើក្រុម Salzburg ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ខណៈ​ដែលក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក​មួយនេះ បាន​ចូលរួម​ជាមួយនឹង​ក្រុម Manchester City ក្នុងការ​ឈ្នះ​កៅអី​ទៅ​វគ្គ​១៦ក្រុម​ចុងក្រោយ ខណៈ​ដែលនៅ​សល់​២​ប្រកួត​ទៀត​។

ស្រ​បពេល​ជាមួយ​គ្នានេះ ក្រុម Liverpool បាន​រង​បរា​ជ័យ​ទាំង​អា​ម៉ាស​ក្នុង​លទ្ធ​ផល ២-០ លើ​ទឹកដីខ្លួន​ឯង​ក្រោមស្នាដៃក្រុម Atalanta​។ នៅ​រាត្រី​មួយ​ដែល​ក្លិប​ជាច្រើន​បាន​​សម្តែង​នូវ​ការ​កាន់​ទុក្ខ​ចំពោះការ​ស្លាប់​របស់​លោក Diego Maradona តាមរយៈ​ការ​ស្មឹងស្មាធ​រយៈ​ពេល​១​នាទី ដើម្បី​រំឭក​ដល់​អតីត​តារា​បាល់​ទាត់​​​របស់​អាហ្សង់ទីន​រូបនេះ នៅមុន​ពេល​រាល់​ការ​ប្រកួត​​ទាំង​អស់​ក្នុង Champions League ក្រុម Bayern បាន​កត់ត្រា​ជ័យ​ជម្នះ​ជាលើក​ទី​១៥​ជាប់​ៗ​គ្នា​របស់​ខ្លួន​ដោយ​ងាយក្នុង​យុទ្ធនាការនេះ​។

Lewandowski បាន​រក​គ្រាប់​បាល់​បើក​ឆាក នៅមុន​ពេល​បញ្ចប់​តង់​ទី​១ នា​កីឡដ្ឋាន Allianz Arena ដែល​ជា​គ្រាប់​បាល់​ទី​១៤​របស់​គេ នៅ​រដូវ​កាល​នេះ និង​ជា​គ្រាប់​បាល់​ទី​៧១​របស់​គេ​ក្នុង Champions League ដែល​នាំ​ឲ្យ​រូប​គេ​តាម​ស្មើអតីត​តារាបាល់​របស់​ក្លិប Real Madrid គឺ Raul ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ បន្ទាប់​ពី Cristiano Ronaldo ដែល​រក​បាន​១៣១​គ្រាប់ និង Lionel Messi ដែល​រក​បាន​១១៨​គ្រាប់​។ ជាមួយ​គ្នានេះ ក្រុម Man City បាន​ឈាន​ទៅ​វគ្គ​បន្ត​តាមរយៈ​ការ​ផ្តួលក្រុម Olympiakos ១-០ ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​ក្រិក ដែល​ជា​ការ​ឈ្នះ​ជាលើក​ទី​៤​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៤លើក​ក្នុងពូល C​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia