បរទេស៖ លោក Thomas Tuchel គ្រូបង្វឹក​របស់​ក្រុម PSG បាន​ទទួល​ស្គាល់​ថា លោកពិត​ជា «ភ្ញាក់​ផ្អើល» ចំពោះ​ខ្សែ​ប្រយុទ្ធ Kylian Mbappe ជុំ​វិញ​ការ​មិន​អាច​រក​បាន​គ្រាប់​បាល់​ក្នុង​ក្រប​ខ័ណ្ឌ Champions League នៅមុន​ពេល​ការ​ប្រកួត​ដ៏សំខាន់​ជាមួយនឹងក្រុម Manchester United នា​រាត្រី​កីឡដ្ឋាន Old Trafford រាត្រីនេះ​។

ខ្សែ​ប្រយុទ្ធ​ឈ្នះ​ពាន World Cup រូបនេះ ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ក្នុង​ពេល​ដែលក្រុម PSG បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ២-០ សម្រាប់​ការ​​ប្រកួត​ជាលើក​​ចុងក្រោយរបស់​ពួក​គេ នៅ​លើ​ទឹកដី Man United ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ កាលពី​ខែ​មករា ឆ្នាំ​២០១៩​នោះ បច្ចុប្បន្ន មិន​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​សោះ​សម្រាប់​ការ​បង្ហាញ​ខ្លួន​៨​លើក​ចុងក្រោយ​ក្នុងក្រប​ខ័ណ្ឌ Champions League​។ គ្រាប់​បាល់​លើក​ចុងក្រោយ​របស់​ពួកគេក្នុង​យុទ្ធនាការ​នេះ បាន​កើត​ឡើង​ក្នុង​ពេល​ប្រកួត​លើ​ទឹកដីខ្លួន​ឯង​ជាមួយនឹងក្រុម Galatasaray ក្នុង​វគ្គ​ចែកពូល​កាលពី​រដូវ​កាល​មុន ពោលគឺ​នៅថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។ ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​នៅមុន​ពេលការ​ប្រកួត​​កាល​ពីថ្ងៃ​អង្គារ លោក Tuchel បាន​កត់សម្គាល់​ថា៖ «ខ្ញុំ​បាន​​ឮពី​ស្ថិតិ​នេះ​កាលពី​១​ម៉ោងមុន ហើយ​ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់​»​។

Mbappe ដែល​នឹង​ឈាន​ចូល​វ័យ​២២​ឆ្នាំ នៅ​ចុង​ខែ​នេះ គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេក្នុងក្រប​ខ័ណ្ឌ Ligue 1 នៅ​រដូវ​កាលនេះ តាម​រយៈការ​រក​បាន​៩គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៨​លើក ប៉ុន្តែ ​​មិន​អាច​រក​ភាព​មុតស្រួច​ក្នុង​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​ឡើយ ខណៈ​ដែល PSG បាន​ជួប​ភាព​ត្រដាប​ត្រដួស តាមរយៈ​ការ​ឈ្នះ​២លើក ចាញ់​២លើក ក្នុង​ចំណោម​ការ​ប្រកួត​៤​លើក​​ចុងក្រោយ​របស់​ពួកគេ ក្នុង​ពូល H​៕

ប្រភព​ព័ត៌មាន៖ Channel News Asia