បរទេស៖ លោក Frank Lampard បានផ្លាស់ប្តូរកីឡាករក្នុងជម្រើសដំបូងរបស់ Chelsea សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ក្នុងពូល E ជាមួយនឹងក្រុម Sevilla នៅរាត្រីនេះ និងបានលើកទឹកចិត្តឲ្យកីឡាករមិនសូវមានបទពិសោធរបស់លោកដណ្តើមយកឱកាសរបស់ពួកគេ។ ស្របពេលដែលក្រុមទាំង២មាន១០ពិន្ទុ និងឈ្នះកៅអីទៅវគ្គបន្តដូចគ្នា ការដណ្តើមបានជ័យជម្នះ នឹងធ្វើឲ្យពួកគេដណ្តើមបានចំណាត់ថ្នាក់លេខ១ក្នុងពូល។

ស្របពេលដែលបញ្ជាក់ថា កីឡាករ Callum Hudson-Odoi និង Billy Gilmour អាចនឹងចូលលេងនោះ លោក Lampard បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា៖ «នេះគឺជាការប្រកួតកាត់សេចក្តីដ៏សំខាន់មួយ ហើយយើងចង់ដណ្តើមយកលេខ១ក្នុងពូល»។ លោកបានប្រាប់បន្តថា៖ «ចំណុចលើកទឹកចិត្តសម្រាប់កីឡាករគឺការបង្ហាញពីមូលហេតុដែលពួកគេគួរតែស្ថិតក្នុងជម្រើសទាំង១១នាក់ដំបូង។ កីឡាករខ្លះ បានលេងការប្រកួតច្រើនហើយ។ មានកម្មវិធីប្រកួតដ៏មមាញឹក។ យើងមានកីឡាករជាច្រើនដែលចង់ចូលលេង ប៉ុន្តែ យើងមិនមើលស្រាលការប្រកួតនេះឡើយ»។
ខ្សែប្រយុទ្ធ Hudson-Odoi បានជួបភាពត្រដាបត្រដួសក្នុងការទទួលបានឱកាសចូលលេងក្នុងជម្រើសដំបូង នៅរដូវកាលនេះ និងត្រូវបានដកចេញពីក្រុមក្នុងពេល Chelsea បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹក្រុម Tottenham កាលពីថ្ងៃអាទិត្យ ក្នុងក្របខ័ណ្ឌ Premier League៕
ប្រភពព័ត៌មាន៖ Channel News Asia