បរទេស៖ អ្នកគាំទ្រចំនួន២០០០នាក់ របស់ក្រុម Tottenham បានជួបភាពរីករាយនៅថ្ងៃនៃការវិលចូលទៅទស្សនាដោយផ្ទាល់នៅកីឡដ្ឋានជាលើកដំបូង ក្នុងរយៈពេល៩ខែ ខណៈដែលខ្សែប្រយុទ្ធ Harry Kane និង Son Heung-min បានលេងជាដៃគូយ៉ាងស៊ីសង្វាក់គ្នាម្តងទៀត ដើម្បីផ្តួលក្រុម Arsenal ក្នុងលទ្ធផល ២-០ និងដើម្បីវិលទៅឈរលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League វិញកាលពីថ្ងៃអាទិត្យ។
ក្រុមរបស់លោក Jose Mourinho បាននាំមុខ២ពិន្ទុដាច់លើក្រុម Chelsea នៅលើកំពូលតារាង ក្រោយពីបានបង្ហាញពីទម្រង់លេងដ៏រឹងមាំមួយផ្សេងទៀត ខណៈដែលពួកគេកំពុងតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ការប្រជែងដណ្តើមពានជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំ។ Kane និង Son បច្ចុប្បន្នបានរួមគ្នារកបាន២៧គ្រាប់ហើយ ក្នុងរាល់យុទ្ធនាការទាំងអស់នៅរដូវកាលនេះ ហើយក៏បានជួយគ្នាទៅវិញទៅមកដើម្បីផ្តល់ការខកចិត្តដល់ក្រុម Arsenal ផងដែរ ក្នុងពេលបើកការវាយសម្រុករហ័ស។
នៅជិតតំបន់កាត់ចោលឯនោះវិញ ការរងបរាជ័យជាលើកទី៥ក្នុងចំណោមការប្រកួតលីក៧លើកចុងក្រោយសម្រាប់ក្រុមកាំភ្លើងធំ ធ្វើឲ្យក្រុមរបស់លោក Mikel Arteta ធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ១៥ លើតារាង។ Arsenal ក៏បានអវត្តមានខ្សែបម្រើ Thomas Partey ដែលមានតម្លៃខ្លួន៤៥លានផោន (ស្មើនឹង៥៩លានដុល្លារអាមេរិក) ផងដែរ ដោយសារតែរបួសភ្លៅ៕
ប្រភពព័ត៌មាន៖ Channel News Asia