បរទេស៖ លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បានប​ញ្ជាក់​ថា លោក​បាន​ «ព្រឺ​សម្បុរគីង្គក់» ខណៈ​ដែល​អ្នក​គាំទ្រ​បាន​វិល​ទៅ​ទស្ស​នា​ដោយផ្ទាល់​នា​កីឡដ្ឋាន Anfield វិញ កាល​ពីថ្ងៃ​អាទិត្យ ក្នុង​​ពេល​ដែលក្រុម​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ បាន​កត់ត្រា​ជ័យជម្នះ​យ៉ាង​កក់ក្តៅក្នុលទ្ធ​ផល ៤-០ លើក្រុម Wolves​។

ក្រុម​ហង្សក្រហម​មួយនេះ មិន​បាន​ធ្លាប់​បាន​មាន​ឱកាស​ក្នុង​ការ​លេង​ពី​មុខ​​អ្នក​គាំទ្រ​របស់​ខ្លួន​ឡើយ បើ​គិត​ចាប់​តាំងពី​ពួក​គេ​បាន​បញ្ចប់​ការ​រង់​ចាំ​អស់រយៈ​ពេល​៣០​ឆ្នាំ ដើម្បី​ក្លាយ​​ជាម្ចាស់​ជើង​ឯក​របស់​អង់គ្លេស កាលពី​ខែមិថុនា​។ ប៉ុន្តែ ពួក​គេ​បាន​ជួសជុល​ពេល​វេលា​ដែល​បាត់បង់ តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដី​រំភើប ខណៈ​ដែល​អ្នក​គាំទ្រ​ចំនួន​២០០០​នាក់ ដែល​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ចូល​ទស្ស​នា​ ដោយ​សារ​តែ​​ការ​រិត​ត្បិត​នានាជុំ​វិញ​វីរុស​កូរ៉ូ​ណា បាន​ស្រែង​ចម្រៀង​ប្រចាំ​ក្លិប «You’ll Never Walk Alone»​​។ គ្រាប់បាល់​ស៊ុតបញ្ចូល​ទីនៅ​តង់​ទី​២​ពី​សំណាក់ខ្សែ​បម្រើ Georginio Wijnaldum, Joel Matip និង​ការ​ធ្វើ​ឲ្យ​បាល់ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ Nelson Semedo បាន​បង្ហាញពី​កម្រិត​លេង​ដ៏ខ្លាំង​របស់ Liverpool ខណៈ​ដែលពួកគេ​ចូលរួម​ជាមួយនឹងក្រុម Tottenham ដោយមាន​២៤ពិន្ទុ​ដូចគ្នា​។

លោក Klopp បាន​ប្រាប់​ទូរ​ទស្សន៍ BBC ទាំ​ង​រំភើប​ចិត្ត​ថា៖ «ការ​​ប្រកួត បរិយា​កាស ពិត​ជា​ល្អ​ណាស់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ព្រឺ​សម្បុរគីង្គក់​។ ពួក​គេ​បាន​ចាប់​ផ្តើម​ច្រៀង​ចម្រៀង «You’ll Never Walk Alone» ដែល​ពិត​ជា​រំភើប​ណាស់​។ ខ្ញុំ​មិនធ្លាប់បាន​ដឹង​ថា ខ្ញុំ​មាន​អារម្មណ៍​ល្អ​បែបនោះឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia