បរទេស៖ ខ្សែបម្រើ Yusuf Yazici រកបានគ្រាប់បាល់ឈ្នះ ខណៈដែលក្រុម Lille បានផ្តួលក្រុមជើងខ្លាំង Monaco ក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ២ត្រឡប់មកវិញនៅលើតារាង Ligue 1 ស្របពេលដែលក្រុម Lyon បានផ្តួលក្រុម Metz យ៉ាងងាយ។ ជ័យជម្នះរបស់ក្រុមទាំង២ បានដាក់សម្ពាធបន្ថែមទៀតលើក្រុម Paris Saint-Germain។
ក្រុមរបស់លោក Christophe Galtier បានវាយសម្រុកយ៉ាងខ្លាំងក្លា ដើម្បីបញ្ចប់ការឈ្នះជាប់ៗគ្នារបស់ក្រុម Monaco ត្រឹម៤ប្រកួត និងឡើងឈរលេខ២ ដោយដេញតាមពីក្រោយក្រុមកំពុងតែនាំមុខ PSG ត្រឹមតែ២ពិន្ទុគត់។ Lyon កំពុងតែឈរពីក្រោយក្រុម Monaco ដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីតិចជាង ក្រោយពីបានផ្តួលក្រុម Metz ក្នុងលទ្ធផល ៣-១។ ក្រុម Marseille ដេញតាមពីក្រោយ២ពិន្ទុបន្ថែមទៀត នៅក្នុងចំណាត់ថ្នាក់លេខ៣ ប៉ុន្តែ នៅសល់២ប្រកួតនៅក្នុងដៃ។ Galtier គ្រូបង្វឹករបស់ក្រុម Lille បានឲ្យដឹងថា៖ «លទ្ធផលនេះពិតជាសំខាន់ណាស់ ពីព្រោះយើងបានជួបគូប្រកួតដ៏ខ្លាំង ហើយយើងមិនបានឈ្នះការប្រកួតច្រើនឡើងនាពេលថ្មីៗនេះ»។
លោកបានបន្ថែមទៀតថា៖ «នៅពេលដែលខ្ញុំបានមើលឃើញពីអ្វីដែលក្រុម PSG បានធ្វើកាលពីថ្ងៃសៅរ៍ តាមរយៈការផ្តួលក្រុម Montpellier បើទោះបីដូរកីឡាករ៨នាក់ ខ្ញុំប្រាប់ខ្លួនខ្ញុំថា ក្រុម PSG នៅតែជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការលើកពាន»៕
ប្រភពព័ត៌មាន៖ Channel News Asia