បរទេស៖ ខ្សែ​បម្រើ​អន្តរ​ជាតិ​បារាំង Paul Pogba គួរតែ​ចាក​ចេញពីក្លិប Manchester United ក្នុង​ពេល​បើក​ទីផ្សារ​ដោះ​ដូរ​កីឡាករនា​ពេល​ខាង​មុខនេះ នៅ​មុន​ពេល​កិច្ច​សន្យា​របស់​គេ​ផុត​កំណត់នៅថ្ងៃ​ទី​២២ ខែ​មិថុនា​។ នេះ​បើយោង​ទៅ​តាម​ពាក្យសម្តី​ដក​ស្រង់​របស់​ភ្នាក់​ងារ​តំណាង​ឲ្យ​រូប​គេ កាលពីថ្ងៃចន្ទ​។

ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយនឹង​​​បណ្តាញ​សារ​ព័ត៌​មាន Tuttosport ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ លោក Mino Raiola បាន​ឲ្យដឹងថា៖ «​វា​ជា​រឿង​ល្អ​ក្នុង​ការ​និយាយ​ឲ្យបានច្បាស់ សម្លឹង​ឆ្ពោះ​ទៅមុខ និង​មិន​បាត់​បង់​ពេល​ស្វែង​រក​អ្នក​ស្តី​បន្ទោស​។ Paul ​មិនសប្បាយ​ចិត្ត​នៅ​ក្នុងក្លិប Manchester United តែ​រូប​គេមិនអាច​សម្តែង​ពី​អារម្មណ៍​របស់​ខ្លួន​បានឡើយ ខណៈ​ដែល​រូប​គេ​ចង់​ណាស់»​។ ភ្នាក់​ងារ​តំណាង​រូបនេះ​បាន​បន្ថែមទៀត​ថា៖ «រូប​​គេ​ត្រូវ​តែផ្លាស់ប្តូរក្រុម​។ រូប​គេ​ត្រូវ​តែ​ផ្លាស់ប្តូរ​បរិយាកាស​។ ខ្ញុំ​គិត​ថា ដំណោះ​ស្រាយ​ដ៏ល្អ​​បំផុត​សម្រាប់​ភាគី​ទាំង​២​ គឺ​ការ​លក់​រូប​គេ​នៅ​ពេល​បើក​ទីផ្សារ​ដោះ​ដូរ​កីឡាករ​​​នា​ពេល​ខាងមុខ​នេះ​»​។

Pogba ដែល​បានផ្ទេរ​មក​ពីក្លិប Juventus ក្នុង​ឆ្នាំ​២០១៦ បាន​បង្ហាញ​ខ្លួន​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ៨​លើក នៅ​រដូវ​កាល​នេះ ដោយ​ជាប់​ក្នុង​ជម្រើស​ទាំង​១១នាក់ដំបូង​ត្រឹម​តែ​៥​លើក​គត់ ខណៈ​ដែល​រូប​គេ​នៅ​តែ​ជួប​ការលំបាកក្នុងការ​បង្ហាញពី​កម្រិត​សមត្ថភាព​កំពូល​របស់​គេក្នុងក្លិប​នេះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia