បរទេស ៖ ក្លិប​សេះ​បង្កង់ Juventus កំពុង​តែ​មានការជឿជាក់​ថា ពួកគេ​កំពុង​តែ​ស្ថិតក្នុង​ដំណាក់​កាល​ចុងក្រោយ​ក្នុង​ការ​បំពេញការ​ផ្ទេរ Paul Pogba តាមរយៈ​ការ​ផ្តល់ឲ្យ​ខ្សែ​បម្រើ​រូបនេះ ជាមួយ​ចំណូល​ដ៏ខ្ពស់ និង​ប្រាក់ឧបត្ថម្ភ​នានា ដ៏ច្រើន​សន្ធឹកសន្ធាប់​។

បើ​យោ​ងទៅ​តាម​​សារ​ព័ត៌​មាន Sky Sports ក្លិប​ស្ថិត​ក្នុងក្រប​ខ័ណ្ឌ Serie A ត្រូវ​បានផ្តល់​ការ​ធា​នា​ដោយ​ផ្ទាល់​មាត់​ថា Pogba នឹង​ចូលរួម​ជាមួយ​នឹង​ពួក​គេ នៅពេល​ដែល​កិច្ច​សន្យា​របស់​គេ​​ជាមួយនឹងក្លិប Manchester United ផុត​កំណត់នៅ​ចុង​ខែមិថុនា ក្រោយពី​ពួក​គេ​បាន​ដាក់​សំណើ​​ជាមួយនឹង​​​ប្រាក់​​ខែ​សរុប​ចំនួន​៨​លាន​​អឺ​រ៉ូ (ស្មើនឹង​៨,៦លាន​ដុល្លារ​អាមេរិក) ក្នុង​១​​ឆ្នាំ។

ក្លិប​ Juventus ត្រៀម​ខ្លួន​រួច​រាល់​ក្នុងការ​​ផ្តល់​ឲ្យ​រូប​គេ​នូវ​កិច្ច​សន្យា​រយៈពេល​៣​ឆ្នាំ​ ឬ៤​ឆ្នាំ​។ ការ​ពិភាក្សា​នានា បាន​ឈាន​ដល់​ដំណាក់​កាល​ចុងក្រោយ​ភ្លាម​ៗ ប៉ុន្តែ ខ្សែ​បម្រើ​រូបនេះមិន​ទាន់​បានផ្តល់​ចម្លើយ​ទាក់ទង​នឹង​សំណើ​នេះ​នៅឡើយ​ទេ​។ Pogba វ័យ​២៩​ឆ្នាំ បាន​​ច្រាន​ចោល​ការ​ចាប់​អារម្មណ៍​ពីក្លិប Manchester City និង​បាន​ទទួល​សំណើ​ពីក្លិប Paris Saint-Germain ប៉ុន្តែ គេនៅ​តែ​ចាំមើល​ថា តើ​ការ​ចាក​ចេញ​របស់​លោក Leonardo ក្នុង​នាម​ជា​នា​យក​ផ្នែក​កីឡា​របស់ក្លិប​បារាំង​មួយនេះ នឹង​ជះ​ឥទ្ធិ​ពល​ដល់​ការ​​ប្រមាញ់​របស់​ពួកគេ​ ឬ​អត់​៕

 

ប្រភព​ព័ត៌​មាន៖ Sky Sports