បរទេស៖ ខ្សែបម្រើ Paul Pogba ដែលជាសមាជិកឈ្នះ World Cup របស់ក្រុមបាល់ទាត់ជម្រើសជាតិបារាំង នឹងត្រូវចាកចេញពីក្លិប Manchester United នៅចុងខែមិថុនា។
នេះបើយោងទៅតាមការប្រកាសរបស់ក្លិបកាលពីថ្ងៃពុធ។ ការចាកចេញរបស់កីឡាករវ័យ២៩ឆ្នាំរូបនេះ ក្នុងពេលកិច្ចសន្យារបស់គេឈានដល់ទីបញ្ចប់ នឹងធ្វើឲ្យ Man United មិនទទួលបានអ្វីសោះពីតម្លៃខ្លួនជាកំណត់ត្រាកាលនោះចំនួន៨៩លានផោន (ស្មើនឹង១១២លានដុល្លារអាមេរិក) នៅពេលដែលពួកគេទិញរូបគេ ពីក្លិប Juventus ក្នុងឆ្នាំ២០១៦។ ដំបូងឡើយ រូបគេបានបង្ហាញពីទម្រង់លេងយ៉ាងត្រចះត្រង់ក្រោមការដឹកនាំរបស់លោក Jose Mourinho និងជាសមាជិកដែលបានឈ្នះពាន League Cup និង Europa League ក្នុងឆ្នាំ២០១៧។ ប៉ុន្តែ ទោះបីជាយ៉ាងណា ការធ្លាក់ចុះទម្រង់លេងរបស់គេជាបន្តបន្ទាប់ មិនដូចទៅនឹងទម្រង់លេងដែលរូបគេបានបង្ហាញឲ្យក្រុមបាល់ទាត់ជម្រើសជាតិបារាំង ក្នុងយុទ្ធនាការ World Cup ឆ្នាំ២០១៨ របស់ពួកគេ។
បញ្ហារបួស បានធ្វើឲ្យរូបគេបង្ហាញខ្លួនត្រឹមតែ២៧ប្រកួតគត់ កាលពីរដូវកាលមុន ក្នុងយុទ្ធនាការដ៏ខកចិត្តសម្រាប់ទាំង Pogba និងក្លិប ខណៈដែល Man United ត្រឹមតែអាចឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Europa League ប៉ុណ្ណោះ។ ក្លិប Man United បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិបនេះសូមប្រកាសថា Paul Pogba នឹងចាកចេញពីក្លិប Manchester United នៅចុងខែមិថុនា ក្រោយពីកិច្ចសន្យារបស់គេផុតកំណត់»៕
ប្រភពព័ត៌មាន៖ Channel News Asia