បរទេស៖ លោក Ole Gunnar Solskjaer អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Manchester United បាន​បដិ​សេធ​ក្នុងការ​ស្តី​បន្ទោស​ការ​លើក​ឡើង​ថា ខ្សែ​ប​ម្រើ Paul Pogba «មិន​សប្បាយ​ចិត្ត» សម្រាប់​​ការ​ធ្លាក់​ចេញពីក្រប​ខ័ណ្ឌ Champions League របស់​ពួកគេ ក្រោយពី​ការ​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ៣-២ នៅ​លើ​ទឹក​ដីក្រុម RB Leipzig ឡើយ​។

Man United បាន​ជួប​ការ​ខក​ចិត្ត​ដោយសារ​តែ​ការ​លេង​មិនបានល្អ​នៅ​ដើម​តង់ តាមរយៈ​ការរបូត​គ្រាប់​បាល់​​​​យ៉ាង​រហ័ស ពី​សំណាក់​កីឡាករ Angelino និង Amadou Haidara នៅមុន​ពេល Justin Kluivert បាន​ជួយ​ឲ្យ​ក្រុម Leipzig នាំមុខ​ ៣-០ នៅ​ពាក់​កណ្តាល​តង់​ទី​២​។ Man United បាន​វាយ​បក​បាន​២​គ្រាប់​វិញ​នៅ​រយៈពេល​១០​នាទី​ចុងក្រោយ ខណៈ​ដែល Pogba បាន​ចូល​លេង​ដើម្បី​រក​គ្រាប់បាល់​បញ្ចូល​ទី​​នៅ​ជិត​បញ្ចប់​ការ​ប្រកួត ដើម្បី​តាម​ពីក្រោយ ៣-២ ក្រោយពី​ខ្សែ​បម្រើ Bruno Fernandes បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​១​គ្រាប់​។ នៅមុន​ពេល​ការ​ប្រកួត​នេះ លោក Mino Raiola ភ្នាក់​ងារ​តំណាង​​ឲ្យ Pogba បាន​បញ្ជាក់​ថា ខ្សែ​បម្រើ​វ័យ​២៧​ឆ្នាំ ដែល​ឈ្នះ​​ពាន World Cup រូប​នេះ មិន​សម្បាយ​ចិត្ត និង​ត្រូវ​តែ​ផ្លាស់ប្តូរ​ក្រុម ក្រោយ​ពី​​ជួប​ការលំបាក​ក្នុងការ​បង្ហាញពី​សមត្ថភាព​ក្រោម​ការ​ដឹកនាំ​របស់​លោក Solskjaer​។

លោក Solksjaer បាន​ផ្តល់​ចម្លើយ​ដ៏ខ្លី​ និង​ច្បាស់ៗ​ នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា តើ​ការ​លើក​ឡើង​របស់​លោក Raiola ធ្វើ​ឲ្យ​ក្រុម​របស់​លោក​មាន​បញ្ហា ឬ​យ៉ាង​ណា​។ គ្រូបង្វឹក​រូបនេះ​បាន​ឲ្យដឹថា៖ «ក្រុម​នេះ មិន​អីទេ ពួកគេ​ជាក្រុម​មួយ ហើយ​ពួកគេ​មាន​សាមគ្គី​គ្នា ហើយ​ក្នុង​ពេល​ឆាប់​ៗ ភ្នាក់​ងារ​របស់ Paul ដឹង​ថា យើង​ជាក្រុម​កីឡា​មួយ ​ហើយ​យើ​ងធ្វើ​ការ​រួម​គ្នា​ដើម្បី​អភិវឌ្ឍ​ទៅមុខ​»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia