បរទេស៖ កាតា ក្រុម​ម្ចាស់​ផ្ទះ​ World Cup ឆ្នាំ​២០២២ នឹង​ប្រកួត​នៅក្នុង​វគ្គ​ជម្រុះនៅ​តំបន់​អឺ​រ៉ុប ហើយ​និ​ង​ត្រូវដាក់​​នៅក្នុង​ពូល​មួយក្នុង​ចំណោម​ពូល​ទាំង​៥​ដែលមាន​​៥​ក្រុម​។ នេះ​បើ​យោង​ទៅ​តាម​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​របស់​ប្រទេស​នេះ កាលពីថ្ងៃ​អង្គារ​។ ការ​សម្រេច​ចិត្ត​បែប​នេះ មាន​គោល​បំណង​ក្នុងការ​ជួយ​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កា​តា ត្រៀម​ខ្លួន​ឲ្យបាន​ល្អ នៅមុន​ពេល​ព្រឹត្តិការណ៍កីឡា​បាល់​ទាត់​ពិភព​លោក ដែលនឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ខែ​វិច្ឆិកា និង​ខែធ្នូ ឆ្នាំ​២០២២​។

សហ​ព័ន្ធកីឡា​បាល់​ទាត់​កា​តា បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «កា​តា នឹង​ចូលរួម​ក្នុង​ពូល A រួម​ជា​មួយ​នឹងក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ស៊ែប៊ី សា​ធារណៈ​រដ្ឋ​អៀរ​ឡ់ លុច​សំបួរ និង​អាស៊ែបៃ​ហ្សង់​»​។ ក្រុម​ជម្រើស​ជាតិ​កា​តា នឹង​ត្រូវ​ប្រកួត​ជា​មួយនឹងក្រុម​នៅ​ថ្ងៃ​សម្រាក​ នៅក្នុង​ជុំ​នីមួយ​នៃ​ការ​ប្រកួត​។ សហព័ន្ធ​​កីឡា​បាល់​ទាត់​របស់​កា​តា បានបញ្ជាក់​ថា៖ «ក្នុងនាម​ជាម្ចាស់​ផ្ទះ World Cup កា​តា បាន​ឈ្នះ​សិទ្ធិ​រួច​ជាស្រេច​សម្រាប់​យុទ្ធនាការ​នេះ ដែល​មានន័យ​ថា លទ្ធ​ផល​ពីការ​ប្រកួត​ជាមួយនឹង​កា​តា នឹង​មិន​យក​ជាផ្លូវ​ការ​លើ​ការ​ប្រកួត​ជម្រុះ​ឡើយ​​។

កា​តា នឹង​​លេង​ការ​ប្រកួត​លើ​ទឹក​ដីខ្លួន​ឯង​នៅ​អឺ​រ៉ុប ដើម្បី​អនុ​ញ្ញាត​ឲ្យ​​គូ​ប្រកួត​របស់​ខ្លួន​ធ្វើដំណើរ​ក្នុងរយៈ​ចម្ងាយ​ខ្លី»​។ ការ​ប្រកួត​ជម្រុះ​នៅ​តំបន់​អឺរ៉ុប នឹង​​ចាប់​ផ្តើម​នៅ​ខែមីនា ខណៈ​ដែល​​១៣​ប្រទេស​ពី​ទ្វីប​នេះ នឹង​​ត្រូវចូលរួម​ក្នុង​យុទ្ធ​នាការ​ជុំ​ផ្តាច់​ព្រ័ត្រ​ដែល​មាន​៣២​ក្រុម​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia