បរទេស៖ ខ្សែ​ប្រយុទ្ធ Neymar បាន​ស៊ុត​បាល់​បញ្ចូ​ល​ទី​៣​គ្រាប់ ខណៈ​ដែលក្រុម Paris Saint-Germain បាន​កត់​ត្រា​ជ័យ​ជម្នះ​យ៉ាង​ងាយ​ស្រួល​ក្នុងលទ្ធ​ផល ៥-១ លើ​ក្រុម Istanbul Basaksehir កាលពីថ្ងៃ​ពុធ នៅពេល​ដែល​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League បាន​ចាប់ផ្តើម​ឡើង​វិញ ក្នុង​រយៈពេល​១​ថ្ងៃ ក្រោយពី​ការ​ពន្យារ​ពេល​ដោយ​សារ​តែ​ការ​ដើរ​ចេញពី​ទីលាន​ជុំវិញ​ជម្លោះ​​រើស​អើង​ជាតិ​សាសន៍​។

កីឡាករ​​របស់​ក្រុម​ទាំ​ង​២ និងមន្ត្រី​​ប្រចាំ​ការ​ប្រកួត បាន​លត់​ជង្គង់​ជើង​ម្ខាង​នៅលើ​ទីលាន នៅមុន​ពេល​ចាប់ផ្តើម​ការ​ប្រកួត​ជា​ថ្មី ក្រោយពី​​ត្រូវ​បាន​​ផ្អាកនៅ​ត្រឹម​នាទី ទី​១៤ កាលពីថ្ងៃ​អង្គារ ក្នុង​ពេល​ដែលមាន​ការ​ចោទ​ប្រកាន់​ថា អាជ្ញា​កណ្តាល​ទី​៤​សញ្ជាតិ​រ៉ូ​ម៉ានី បាន​ប្រើប្រាស់​ពាក្យ​សម្តី​រើស​អើង​ជាតិសាសន៍ ទៅលើ​លោក Pierre Webo ជំនួយ​ការ​គ្រូបង្វឹក​​សញ្ជាតិកា​មេរូន​របស់​ក្លិប Basaksehir​។ នៅមុន​​ពេល​​លុត​ជង្គង់ ពួក​គេ​បានពាក់​អាវ​យឺត​ដែល​មាន​ពាក្យ​ស្លោក​ថា «គ្មានការ​រើស​អើង​ជាតិ​សាសន៍​ឡើយ» ក្នុង​ពេល​កម្តៅ​សាច់​ដុំ​នា​កីឡដ្ឋាន Parc des Princes​ ស្រប​ពេល​ដែល​​កៅអី​របស់​អ្នក​ទស្ស​នា​ក៏​ត្រូវ​បាន​​ដាក់​ពាក្យ​ស្លោក​នេះ​ដែរ​។

ការ​ប្រកួត​នេះ​បាន​ចាប់ផ្តើម​ឡើងវិញ ចាប់​ពី​នាទី​ដែលត្រូវ​បានផ្អាក កាលពី​ថ្ងៃ​អង្គារ​ពោល​គឺ​នាទី ទី​១៤ ដែលនៅ​ពេលនោះជម្លោះ​នៅ​ក្បែរ​ខ្សែ​បន្ទាត់​ទី​បាន​ផ្ទុះ​ឡើង​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ថា អាជ្ញា​កណ្តាល​ទី​៤​សញ្ជាតិ​រ៉ូ​ម៉ា​នី លោក Sebastian Coltescu បាន​​និយាយ​ទៅកាន់​ជំនួយ​ការ​គ្រូបង្វឹក​សញ្ជាតិ​កាមេរូន​លោក Pierre Webo របស់ក្លិប ថា «អាខ្មៅ» ជា​ភាសា​រ៉ូ​ម៉ានី​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia