បរទេស៖ លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Tottenham Hotspur បាន​និយាយ​កាលពីថ្ងៃ​ពុធ​ថា Manchester United គឺ​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដែលមានក្តី​សង្ឃឹមខ្ពស់ក្នុងការ​លើកពានក្រប​ខ័ណ្ឌ Europa League ក្រោយ​ពី​ការ​ធ្លាក់​ចេញ​​ពីក្រប​ខ័ណ្ឌ Champions League របស់​ពួកគេ​ក្រោមស្នាដៃ​ក្រុម RB Leipzig កាលពី​ថ្ងៃ​អង្គារ​។

Man United បាន​ត្រូវ​ការ​ត្រឹម​តែ​លទ្ធផល​ស្មើ​ប៉ុណ្នោះ​ដើម្បី​ឈាន​ទៅ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ ប៉ុន្តែ បាន​ជួប​ការ​ខក​ចិត្ត​ដោយ​សារ​តែ​ការ​​លេង​មិនបាន​ល្អនៅ​ដើម​តង់ និង​បាន​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ៣-២ ខណៈដែលលទ្ធផល​នេះ បានធ្វើ​ឲ្យពួកគេ​ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ពូល ដែលនាំ​ឲ្យ​​ពួក​គេ​ត្រូវ​ធ្លាក់​ទៅ​ប្រកួត​ក្នុង​ក្រប​ខ័ណ្ឌលំ​ដាប់​ទី​២​របស់​​អឺ​រ៉ុប​តែម្តង​។ លោក Mourinho ដែល​បាន​ដឹកនាំ​ឲ្យ​ក្លិប Man United លើកពាន​ក្រប​ខ័ណ្ឌ Europa League កាលពីឆ្នាំ​២០១៧​​នោះ បានប្រាប់​​អ្នក​យក​ព័ត៌​មាន​នៅមុន​ពេល​​ក្រុម​របស់​លោក​ប្រកួត​លើ​ទឹកដីខ្លួន​ឯង​ជាមួយនឹងក្រុម Antwerp នៅ​រាត្រីនេះ ថា៖ «ក្រុម​ដែល​ធ្លាក់​មក​ពីក្រប​ខ័ណ្ឌ Champions League សុទ្ធ​តែ​ក្រុម​ខ្លាំង ហើយ​ជា​ធម្ម​តា មិន​ស្ថិ​តក្នុង​កម្រិត​របស់ Europa League ឡើយ​»​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «Man Utd ជាក្រុមមួយ​ក្នុង​ចំណោម​ក្រុម​កំពូល​។ ក្រុម​នេះ បាន​លេង​យ៉ាងល្អ​ពេល​ប៉ះ​ក្រុម Paris St Germain និង Leipzig​។ យើង​បាន​ដឹង​ថា វានឹង​មិន​ងាយស្រួល​សម្រាប់ក្រុម​​ណា​មួយ​ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia