បរទេស៖ ការ​ធ្លាក់​ចេញពីក្រប​ខ័ណ្ឌ Champions League យ៉ាង​ឆាប់​រហ័ស​របស់​ក្រុម Manchester United មាន​ន័យ​ថា តំណែង​របស់​លោក Ole Gunnar Solskjaer ក៏​ស្ថិត​ក្រោម​ការ​អង្កេត​ផងដែរ នៅមុន​ពេល​ការ​ធ្វើ​ដំណើរ​របស់​ក្រុម Manchester City ទៅកាន់​កីឡដ្ឋាន Old Trafford ក្នុង​ការ​ប្រកួត​មួយ ដែល​ក្រុម​ទាំង​២​មិន​អាច​ចាញ់​ដូចគ្នា​។

ការ​​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង Manchester តែមួយនេះ គឺ​ជា​កម្មវិធី​​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ក្នុង​ចំណោម​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League នៅ​ចុងសប្តាហ៍​នេះ ខណៈ​ដែល​ក្រុម Tottenham ដែល​​កំពុង​តែ​មានពិន្ទុនាំមុខ នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដីក្រុម Crystal Palace ហើយ​ក្រុម Fulham ជួបក្រុម​ម្ចាស់​ជើង​​​ឯក Liverpool​។ ទាំង Man United និង Man City សុទ្ធ​សឹង​​ទើប​តែ​បាន​វិល​ទៅ​រក​ភាព​ខ្លាំង​វិញ ក្រោយពី​ជួប​ភាព​ត្រដាប​ត្រដួសនៅ​ដើម​រដូវកាល​នេះ​។ ក្រោយពី​ដណ្តើម​បាន​ជ័យ​ជម្នះក្នុងការ​ប្រកួតលីក​៤លើក​ជាប់​ៗ​គ្នា ក្រុម​របស់​លោក Solskjaer អាច​នឹង​ស្ថិតក្នុង​ការ​ប្រជែង​រក​ការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌលីក​ជាលើក​ទី​១ បើ​គិត​ចាប់​តាំងពី​ការ​ចូល​និវត្តន៍​របស់​លោក Alex Ferguson ក្នុង​ឆ្នាំ​២០១៣ បាន​ធ្វើ​ឲ្យ​ក្រុម​បិសាចក្រហម ធ្លាក់​ចុះ​ទម្រង់​លេង​ជា​បន្តបន្ទាប់​។

ប៉ុន្តែ ជាមួយនឹងការ​មានលទ្ធផល​មិន​ទៀង​ទាត់ រួម​ជាមួយនឹង​ការ​ធ្លាក់​ចេញ​ពីក្រប​ខ័ណ្ឌ Champions League ក្រោយពី​ចាញ់​ក្រុម RB Leipzig ៣-២ កាលពីពាក់​កណ្តាល​សប្តាហ៍​ មានន័​យ​ថា សម្ពាធ​ផ្សេង​ៗ​កំពុង​តែ​ធ្លាក់​ទៅលើ​លោក Solskjaer។ ការ​ចាញ់​ជាលើក​ទី​៤ ក្នុង​ចំណោម​ការ​ប្រកួត៤លើក​ក្នុង Premier League នា​កីឡដ្ឋាន Old Trafford នៅ​រដូវ​កាល​នេះ អាច​នឹង​ធ្វើ​ឲ្យ Man Utd បញ្ចប់​ចុង​សប្តាហ៍​នេះ ដោយ​មាន​៨ពិន្ទុ​តាមពីក្រោយក្រុម​ឈរ​លេខ​១ បើ​ទោះ​បី​នៅសល់​១​ប្រកួ​តក្នុង​ដៃក៏ដោយ៕

ប្រភព​ព័ត៌​មាន៖ Channel News Asia