បរទេស៖ Arsenal បាន​រង​បរា​ជ័យ​ក្នុងការប្រកួតលីក​ជាលើ​ទឹកដីខ្លួន​ឯង​ជាលើក​ទី​៤​ជាប់​ៗ​គ្នា ជាលើក​ដំបូង បើ​គិត​ចាប់​តាំងពីឆ្នាំ​១៩៥៩ ក្រោយពីការ​ធ្វើ​ឲ្យ​បាល់ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang បាន​ជួយ​ឲ្យ​ក្រុម Burnley ទទួល​ជ័យ​ជម្នះ​ ១-០ កាលពីថ្ងៃ​អាទិត្យ​។

ក្រុម​កាំភ្លើង​ធំមួយនេះ បាន​ជួប​បញ្ហា​លើ​វិន័យ​ម្ត​ទៀត ខណៈ​ដែល​ការ​រង​ពិន័យ​កាតក្រហម​ដែលមិន​ចាំ​​បាច់​របស់ Granit Xhaka នៅមុន​ពេល​នាទី ទី​៦០ បាន​ធ្វើ​ឲ្យ​ក្រុម Burnley មាន​ប្រៀប​វិញ​តែម្តង​។ Aubameyang នៅ​តែ​រង់​ចាំ​គ្រាប់បាល់​ក្នុងលីក​ជាលើក​ទី​១​របស់​ខ្លួន ពីការ​ប្រកួត​បើក​ចំហរ​មួយ បើ​គិត​ចាប់​តាំងពី​បាន​បន្ត​កិច្ច​សន្យា​ថ្មី​រយៈ​ពេល​៣​ឆ្នាំ កាលពី​ខែ​កញ្ញា ប៉ុន្តែ បាន​រក​គ្រាប់បាល់​បំ​ប៉ោង​សំណាញ់​ទី​ខ្លួន​ឯង​ទៅវិញ នៅពេល​ដែល​​រូប​គេ​ព្យា​យាម​ស៊ុត​បាល់​ចេញ​ពីការ​បញ្ជូន​បាល់​ចេញពី​ជម្រុង​របស់​កីឡាករ Ashley Westwood នៅ​​រយៈពេល​១៧នាទី​ចុងក្រោយ​។ ការដ​ណ្តើម​បាន​ជ័យ​ជម្នះនេះ ជួយ​ឲ្យ​ក្រុម Burnley គេច​ផុត​ពី​តំបន់​កាត់ចោល ស្រប​ពេល​ដែល​ក្រុម Arsenal កាន់​តែ​ធ្លាក់​ក្បែរ​តំបន់​កាត់ចោល ខណៈ​ដែលពួកគេ​ស្ថិតក្នុង​ចំណាត់​ថ្នាក់លេខ​១៥ នាំមុខ​ត្រឹម​តែ​៥ពិន្ទុ​ប៉ុណ្ណោះពី​លើ​ក្រុម​ស្ថិត​នៅ​បាត​តារាង​ទាំង​៣​។

លោក Mikel Arteta គ្រូបង្វឹករបស់​ក្រុម Arsenal បាន​ឲ្យដឹងថា៖ «យើង​ត្រូវ​តែ​​ស៊ុត​បាល់​បញ្ចូល​ទី​ ដែលនោះ​គឺ​ជា​ចំណុច​ដែល​យើង​ធ្វើ​មិនទាន់បាន​។ អ្វី​ដែលយើ​​ធ្វើ​បាន និង​អ្វី​ដែលក្រុម Burnley បាន​ធ្វើ ​មិន​អាច​ប្រៀប​ធៀប​គ្នា​បាន​ឡើយ​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia