បរទេស៖ ក្លិប Paris Saint-Germain បានបាត់បង់ចំណាត់ថ្នាក់លេខ១នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Ligue 1 ក្រោយពីបានរងបរាជ័យនៅលើទឹកដីខ្លួនឯងក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុម Lyon កាលពីថ្ងៃអាទិត្យ ប៉ុន្តែ បានជួបការខកចិត្តលើសពីការរងបរាជ័យទៅទៀត ខណៈដែលតារាឆ្នើម Neymar ត្រូវបានគេសែងចេញពីទីលានប្រកួត ដោយសារតែរបួសកជើង។
គ្រាប់បាល់ស៊ុតបញ្ចូលទីនៅតង់ទី១របស់កីឡាករ Tino Kadewere បានជួយឲ្យក្រុម Lyon ដណ្តើមបានជ័យជម្នះជាលើកទី៧ជាប់ៗគ្នា ខណៈដែលពួកគេបានតាមស្មើពិន្ទុរបស់ក្រុម Lille ដែលដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេល១ថ្ងៃមុននេះ ក្រោយពីបានផ្តួលក្រុម Bordeaux ២-១ លើទឹកដីខ្លួនឯង។ PSG បានធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ៣ ក្រោយពីចាញ់ជាលើកទី៤ក្នុងចំណោមការប្រកួត១៤លើក នៅរដូវកាលនេះ ប៉ុន្តែ មានការព្រួយបារម្ភទៅលើភាពរឹងមាំរបស់ Neymar ជាង ក្រោយពីជង្គង់របស់គេហាក់ដូចជារងរបួសខ្លាំង ក្រោមការដណ្តើមបាល់ពី Thiago Mendes នៅជិតបញ្ចប់ការប្រកួត។
ខ្សែបម្រើរបស់ក្លិប Lyon រូបនេះ បានរងពិន័យកាតក្រហមលើកំហុសដណ្តើមបាល់នេះ ក្រោយពីការមើលសកម្មភាពឡើងវិញតាមរយៈវីដេអូជំនួយការអាជ្ញាកណ្តាល ស្របពេលដែល Neymar ត្រូវបានគេសែងចេញភ្លាមៗ ដើម្បីត្រួតពិនិត្យ។ លោក Thomas Tuchel គ្រូបង្វឹករបស់ PSG បានប្រាប់ថា៖ «រូបគេកំពុងតែស្ថិតនៅជាមួយនឹងគ្រូពេទ្យ ហើយយើងត្រូវតែរង់ចាំដល់ថ្ងៃស្អែក (ថ្ងៃចន្ទ) ដើម្បីទទួលដំណឹង»៕
ប្រភពព័ត៌មាន៖ Channel News Asia