បរទេស៖ ក្រុម Manchester United នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Real Sociedad ដែលកំពុង​នាំមុខ​លើ​តារាង La Liga ក្នុង​វគ្គ​​៣២​ក្រុម​ចុងក្រោយនៃក្រប​ខ័ណ្ឌ Europa League ក្រោយពី​ការ​ចាប់​ឆ្នោត​កាលពីថ្ងៃ​ចន្ទ​ក្នុង​ទីក្រុង Nyon ពោល​គឺ​បន្ទាប់ពី​ពួក​គេ​បាន​ធ្លាក់​ចេញ​ពីក្រប​ខ័ណ្ឌ Champions League កាលពីសប្តាហ៍​មុន​។

Man United បាន​ធ្លាក់​ទៅ​លេង​ក្នុងក្រប​ខ័ណ្ឌ Europa League ដែលពួក​គេ​បាន​ឈ្នះ​កាលពីឆ្នាំ​២០១៧ ក្រោយពី​ក្រុម RB Leipzig បាន​ទម្លាក់​ពួក​គេ​ឲ្យធ្លាក់​ចេញពីក្រ​ខ័ណ្ឌកំពូល​របស់​អឺ​រ៉ុប ក្នុង​វគ្គ​ចែកពូល​។ ប៉ុន្តែ Sociedad គឺ​ជាក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដ៏ខ្លាំង​បំផុត​​សម្រាប់ការ​ចាប់​ឆ្នោត​ក្នុង​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​។ ពួក​គេ​បាន​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​១​​លើ​កំពូល​តារាង La Liga កាលពីថ្ងៃ​អាទិត្យ និង​បាន​ឆ្លង​ផុត​វគ្គ​ចែកពូលនៃក្រប​ខ័ណ្ឌ Europa League ក្រោយ​ពី​បាន​​ទទួល​លទ្ធផល​ស្មើ​នៅលើ​ទឹកដីក្រុម Napoli ស្រ​ប​ពេល​ដែល​ក្រុម AZ Alkmaar បាន​រង​បរា​ជ័យ​នៅលើ​ទឹកដីក្រុម Rijeka​។

ក្រុម Napoli របស់​លោក Gennaro Gattuso ដែលកំពុង​មាន​៤ពិន្ទុ​តាម​ពី​ក្រោយ AC Milan ក្នុងក្រប​ខ័ណ្ឌ Serie A នឹង​ត្រូវ​ជួបក្រុម​ខ្លាំងមួយ​ផ្សេង​ទៀត​របស់​អេ​ស្ប៉ាញគឺ Granada ស្រប​ពេលដែល AC Milan នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Red Star Belgrade៕

ប្រភព​ព័ត៌​មាន៖ Channel News Asia