បរទេស៖ James Tavernier ដែល​ជា​ប្រធានក្រុម​នៃក្រុម Rangers បាន​ចាត់​ទុក​ការ​ជួយ​ឲ្យក្រុមមាន​មូលដ្ឋាននៅ Glasgow មួយ​នេះ ឈាន​ទៅ​កាន់​ការ​ប្រកួតក្នុង​ក្រប​ខ័ណ្ឌ Europa League វគ្គ​ផ្តាច់​ព្រ័ត្រ ជា «សុបិន​ក្លាយ​ជា​ការ​ពិត» ក្រោយពី​ការ​កត់ត្រា​ជ័យ​ជម្នះ​​ក្នុងលទ្ធ​ផល ៣-១ លើ​ក្រុម RB Leipzig កាលពីថ្ងៃ​ព្រហស្បតិ៍ បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ជើង​​​ឯក​ស្កុ​ឡេន ឈ្នះ​ទាំង​២​ជើង​ក្នុងលទ្ធ​ផល ៣-២​។

Tavernier បាន​នាំមុខ​ក្នុងនាម​ជា​​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​យុទ្ធ​នា​ការ​នេះ នៅពេល​ដែល​រូប​គេ​បាន​​ស៊ុត​បាល់​បញ្ចូល​ទី​ នៅ​មុន​ពេល Glen Kamara បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​បន្ថែម​ការ​នាំមុខ​របស់ខ្លួន ក្នុង​រយៈ​ពេល​ត្រឹម​តែ​២៤​នាទី​។ កីឡាករ Christopher Nkunku បាន​វាយ​បក​១​គ្រាប់​វិញ​សម្រាប់​ក្រុម​ Leipzig នៅ​តង់​ទី​២ ប៉ុន្តែ John Lundstram បាន​រក​គ្រាប់​បាល់​ រយៈពេល​៩​នាទី​ចុងក្រោយ​។

Tavernier បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​មាន​មោទ​នភាព​​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដែល​កីឡាករ បុគ្គលិក និង​អ្នក​គាំទ្រ​បាន​បង្ហាញនៅ​ថ្ងៃនេះ​»​។ Rangers នឹង​ត្រូវ​វិល​ទៅកាន់​ក្រប​ខ័ណ្ឌ Champions League ជាលើក​ដំបូង បើ​គិត​ចាប់​តាំងពី​ឆ្នាំ​២០១០ តាមរយៈ​ការយកឈ្នះ​លើ​ក្រុម Frankfurt នា​កីឡដ្ឋាន Ramon Sanchez Pizjuan ក្នុង​រយៈពលេ​១៣​ថ្ងៃ​ទៀត ក្រោយ​ពីក្រុម​អាល្លឺ​ម៉ង់ បានយកឈ្នះ​លើ​ក្រុម West Ham ១-០ ដើម្បី​ឈ្នះ​ទាំង​២​ជើង ៣-១​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia