បរទេស៖ ក្រុម Paris Saint-Germain ដែលជាម្ចាស់ជើងឯករងកាលពីរដូវកាលមុន នឹងត្រូវប៉ះជាមួយនឹងក្រុម Barcelona ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ស្របពេលដែលក្រុម Liverpool នឹងត្រូវជួបជាមួយនឹងក្រុម RB Leipzig បន្ទាប់ពីការចាប់ឆ្នោតកាលពីថ្ងៃចន្ទ។ ក្រុម Bayern Munich ដែលបានផ្តួលក្រុម PSG នៅក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២០ ដើម្បីឈ្នះពានក្របខ័ណ្ឌកំពូលអឺរ៉ុបជាលើកទី៦ នឹងត្រូវជួបជាមួយនឹងក្រុម Lazio ក្នុងវគ្គ១៦ក្រុមចុងក្រោយ។
ក្រុម Manchester City របស់លោក Pep Guardiola ដែលកំពុងតែសម្លឹងរកការឈ្នះពាន Champions League ជាលើកទី១នោះ នឹងត្រូវជួបជាមួយនឹងក្រុម Borussia Moenchengladbach។ ដោយឡែក ក្រុម Chelsea ដែលជាម្ចាស់ជើងឯកឆ្នាំ២០១២ នឹងត្រូវជួបការប្រកួតដ៏ស្វិតស្វាញ ដោយពួកគេត្រូវជួបជាមួយនឹងក្រុម Atletico Madrid។ ខ្សែប្រយុទ្ធ Cristiano Ronaldo និងក្រុម Juventus នឹងត្រូវជួបប្រកួតជាមួយនឹងក្រុមជើងខ្លាំងរបស់ព័រទុយហ្គាល់ Porto ដែលជាម្ចាស់ជើងឯកឆ្នាំ២០០៤ ស្របពេលដែលក្រុម Real Madrid នឹងត្រូវជួបជាមួយនឹងក្រុមជើងខ្លាំងកាលពីរដូវកាលមុន Atalanta។
PSG នឹងពេញចិត្តក្នុងការទទួលបានឱកាសមួយផ្សេងទៀត ដើម្បីសងសឹកការរងបរាជ័យដ៏ខកចិត្តរបស់ពួកគេ ក្រោមស្នាដៃក្រុម Barcelona កាលពីឆ្នាំ២០១៧។ ក្រោយពីបានផ្តួលក្រុម Barca ៤-០ លើទឹកដីខ្លួនឯង ក្រុម PSG បានរងបរាជ័យក្នុងលទ្ធផល ៦-១ នៅកីឡដ្ឋាន Camp Nou ក្រោមជំនួយពី Neymar។ តារាឆ្នើមប្រេស៊ីលរូបនេះ បានចូលរួមជាមួយនឹងក្លិប PSG ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយមក៕
ប្រភពព័ត៌មាន៖ Channel News Asia