បរទេស៖ លោក Jurgen Klopp គ្រូបង្វឹក​របស់​ក្លិប Liverpool បាន​ទទួល​ស្គាល់​កាលពីថ្ងៃ​អង្គារ​ថា លោក​​ពិត​ជា​ចាប់​អារម្មណ៍​ទៅ​មធ្យោ​បាយ​ដែល​លោក Jose Mourinho បាន​ស្តារ​មុខ​មាត់​ពី​ភាព​​វេទ​នា​ក្នុង​ពេល​ដឹកនាំ​ក្លិប Manchester United ដើម្បី​ផ្លាស់ប្តូរ​ក្រុម Tottenham ឲ្យ​ទៅ​ជា​បេក្ខ​ភាព​ប្រជែង​ដណ្តើម​ពា​ន​។

លោក Klopp នឹងត្រូវ​បង្ហាញពី​ទេពកោសល្យ​ដឹកនាំ​របស់​លោក​នៅពេល​ពេល​ប៉ះ​ជាមួយនឹងក្រុម​របស់​លោក Mourinho នៅ​​រាត្រី​នេះ នៅពេល​ដែល​ក្រុម Spurs ដែលកំពុង​តែ​នាំមុខ​លើ​តារាង Premier League ធ្វើ​ដំណើរ​ទៅកាន់​ក្រុម​ឈរលេខ​២ Liverpool នៅក្នុងការ​ប្រកួត​ដ៏​រំភើប​មួយ​។ រយៈពេល​២​ឆ្នាំ ក្រោយពី​ក្រុម Liverpool ផ្តួល​ក្រុម Man United ដើម្បី​បញ្ចប់​ពេល​វេលា​ដ៏​ខក​ចិត្ត​របស់​លោក Mourinho នៅ​កីឡដ្ឋាន Old Trafford គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ ហាក់​ដូច​ជា​រក​ឃើញ​ភាព​ខ្លាំង​របស់​លោក​ត្រឡប់​មក​វិញ​ហើយ​។ សមត្ថភាព​របស់​លោក Mourinho ក្នុងការ​ផ្លាស់​​ប្តូរ​ធ្វើ​ឲ្យ​ក្រុម Tottenham ក្លាយ​ជា​ក្រុម​ប្រជែង​ដណ្តើម​ពាន ក្នុង​រយៈពេល​១​ឆ្នាំ ក្រោយពី​ចូល​ជំនួស​កន្លែង​របស់​លោក Mauricio Pochettino បាន​ផ្តល់​ការ​ចាប់​អារម្មណ៍​ដល់​លោក Klopp​។ អ្នក​ធិប្បាយ​ជាច្រើន បាន​​លើក​ឡើង​ថា ក្រុម Liverpool ដែល​ជាម្ចាស់​ជើង​ឯក Champions League ២​សម័យ​កាល គឺ​ជា​ដើម​ហេតុ​មួយ ក្រោយ​ពី​ការ​រងការ​ណ្តេញ​ចេញ​របស់​លោក​ពីក្លិប Man United ប៉ុន្តែ លោក Klopp មិន​ដែលមើល​ស្រាល​លើ​អតីត​គ្រូបង្វឹក​របស់​ក្លិប Chelsea, Real Madrid, Inter Milan និង Porto រូបនេះ​ឡើយ​។

លោក Klopp បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «ខ្ញុំ​មិនភ្ញាក់​ផ្អើល​ឡើយ​ ពីព្រោះ​នេះ​គឺ​ជា​ពិភព​លោក​ដែលយើង​រស់​នៅ​។ ខ្ញុំ​គិត​ថា គាត់​ក៏មិនភ្ញាក់​ផ្អើល​ដូចគ្នា ប៉ុន្តែ គាត់​បាន​បង្ហាញ​ថា គាត់​បាន​វិលមក​វិញ​ហើយ​។ ប្រសិន​បើ​គាត់​វិល​ត្រឡប់​មក​វិញ​ហើយ នោះ​គឺ​ជា​ការ​បង្ហាញពី​ទេពកោសល្យ​។ ពិត​ជា​​ចាប់​អារម្មណ៍​ណាស់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia