បរទេស៖ លោក Frank Lampard បាន​ចោទ​សួរលើ​ស្មារតី​ប្រកួតរបស់កីឡាករ​ខ្លួន ក្រោយ​ពី Chelsea បាន​បាត់​បង់​​ឱកាស​ក្នុង​ការ​ឡើ​ទៅ​ឈរ​លើ​កំពូល​តារាងនៃក្រប​ខ័ណ្ឌ Premier League បាន​តាម​រយៈ​ការ​រង​បរា​ជ័យ​ជាលើក​ទី​២​ជាប់​ៗ​គ្នា ក្នុង​លទ្ធផល ២-១ លើ​ទឹកដីក្រុម Wolves កាលពីថ្ងៃ​អង្គារ​។

បើ​ទោះ​បី​ពួកគេ​មិន​បានលេង​ល្អ​ក៏ដោយ ប៉ុន្តែ ក្រុម Chelsea បាន​ធ្វើ​ឲ្យ​​ខ្លួន​ឯង​ស្ថិត​លើផ្លូវ​នៃ​ជ័យ​ជម្នះ នៅលើ​ទឹកដីក្រុម Wolves នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Olivier Giroud បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​នៅ​ដើម​តង់​ទី​២​។ កីឡាករ Daniel Podence បាន​រក​គ្រាប់​បាល់​តាម​ស្មើវិញ នៅមុន​ពេល​កីឡាករ Pedro Neto បាន​រក​គ្រាប់បាល់​ឈ្នះនៅ​ជិត​បញ្ចប់​ការ​ប្រកួត​។ លោក Lampard បាន​និយាយ​ថា៖ «យើង​គួរ​តែ​បាន​បញ្ចប់​ការ​​ប្រកួតនេះ​។ ប្រសិន​បើ​អ្នក​លេងមិនល្អ​ទេនោះ យើងគួរ​តែ​រង់​ចាំមើល​ឱកាស ដោយ​មិន​ត្រូវ​ឲ្យ​មានការ​វាយ​សម្រុក​រហ័ស​​ឡើយ​»​។

លោក​បាន​បង្ហើប​ថា កីឡាករ​របស់ Chelsea មួយចំនួនមាន​ការជឿជាក់​លើខ្លួន​ឯង​ពេក ក្រោយពីមិនស្គាល់​ចាញ់​សោះពីការប្រកួត​១៤លើក​ជាប់​ៗ​គ្នា នៅមុន​ពេល​ការ​រង​បរា​ជ័យ​កាលពីថ្ងៃសៅរ៍ លើ​ទឹកដីក្រុម Everton និ​ង​បាន​ណែនាំ​ឲ្យ​កីឡាករ​ទាំង​នោះ ស្តារ​មុខ​មាត់​ឡើ​វិញ នៅមុន​ពេល​ការ​ប្រកួត​នៅ​ថ្ងៃ​ចន្ទ​ជាមួយនឹងក្រុម West Ham​។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ថា៖ «កីឡាករ​ប្រហែល​គិត​បែប​នោះ​។ នេះ​គឺ​ជា Premier League ប្រសិន​បើ​អ្នក​លេង​មិនបានល្អ អ្នក​ចាញ់​ការ​ប្រកួត​»​៕

ប្រភព​ព័ត៌​មាន៖ The Guardian