បរទេស៖ ខ្សែ​បម្រើ Ilkay Gundogan បាន​ស្តី​បន្ទោស​ទៅលើ​កម្មវិធី​ប្រកួត​ដ៏មមាញឹក នៅ​ក្នុង​រដូវ​កាល​ដែល​ខុសប្លែក​ពី​គេ​​​ចំពោះ​ការ​បរា​ជ័យ​របស់​ក្រុម Manchester City ក្នុងការ​រក្សា​ឲ្យ​បាន​នូវ​កម្រិត​លេង​ជា​ស្តង់​ដារ​ដែល​ពួក​គេ​បាន​កំណត់​ក្រោម​ការដឹកនាំរបស់​លោក Pep Guardiola ក្រោយពី​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ ជា​មួយនឹងក្រុម West Brom បាន​ផ្តល់នូវ​ការ​ខក​ចិត្តមួយ​ផ្សេង​ទៀត​ចំពោះ​ការ​ប្រជែងដ​ណ្តើម​​ពាន​របស់​ពួកគេ​។

Gundogan ហាក់​ដូច​ជា​​បាន​បំ​បែក​តំបន់​ការ​ពារ​របស់​គូ​ប្រកួត​ខ្លួន​នៅ​នាទី ទី​៣០​ទៅហើយ ប៉ុន្តែ ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​​ឯង​របស់ Ruben Dias នៅ​រយៈពេល​២​នាទី​មុន​បញ្ចប់​តង់​ទី​១ បាន​​ផ្តល់​ការ​ខក​ចិត្ត​តែម្តង ខណៈ​ដែល​បញ្ហា​របស់ Man City នៅ​តំបន់​ប្រយុទ្ធ បាន​​បន្តក្នុង​ពេល​ដែល​ក្រុម​ទាំង​មិន​អាច​រក​​បាន​គ្រាប់​បាល់​នៅ​តង់​ទី២​។ Man City បាន​ឈ្នះ​ត្រឹម​តែ​៥លើក​គត់​ក្នុង​ចំណោម​ការ​ប្រកួត​លីក​ចំនួន​១២លើករបស់​ពួក​គេ នៅ​រដូវ​កាល​នេះ ពោល​គឺ​ខុស​គ្នា​ស្រឡះ​ទៅ​នឹង​​​ការរក​បាន​១៩៨ពិន្ទុ​ដែល​ពួក​គេ​ដណ្តើម​បាន​ក្នុង​រយៈ​ពេល​២​រដូវ​កាល ក្រោម​ការដឹក​នាំ​របស់​លោក​ Guardiola នៅ​រដូវ​កាល​ឆ្នាំ​២០១៧-២០១៨ និង២០១៨-២០១៩។

Gundogan បាន​ឲ្យដឹងថា៖ «យើង​បាន​ជួប​​លទ្ធផល​ដ៏អស្ចារ្យ​ជាច្រើន​ឆ្នាំ ដោយ​យើង​បានលេង​កីឡា​បាល់​ទាត់​ដ៏អស្ចារ្យ កាលពី​មុន ហេតុនេះ យើង​បាន​កំណត់​កម្រិត​​ស្តង់​ដារ​ដ៏ខ្ពស់​។ រាល់​ក្រុម​ធំ​ៗ​ទាំង​អស់​នៅ​​អឺ​រ៉ុប​កំពុង​តែ​ត្រដាប​ត្រដួស ដោយ​សារតែ​កម្មវិធី​ប្រកួត​ដ៏​មមាញឹក​ ហើយ​វា​នឹង​មិន​ងាយស្រួល​ឡើយ​នៅ​សប្តាហ៍​បន្ត​បន្ទាប់​ទៀត​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia