បរទេស៖ ខ្សែ​ប្រយុទ្ធ Robert Lewandowski របស់​ក្លិប Bayern Munich បាន​​ជាប់​ជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​២០២០​របស់​សហ​ព័ន្ធកីឡា​បាល់​ទាត់​អន្តរ​ជាតិហៅ​កាត់ថា​ FIFA កាលពីថ្ងៃ​ព្រហស្បតិ៍ ក្រោយពី​បានផ្តួល​ម្ចាស់​ពាន​កាលពីឆ្នាំមុន Lionel Messi និង​តារាឆ្នើម Cristiano Ronaldo​​។

Lewandowski ដែល​បាន​ឈ្នះ​ពានលីកអាល្លឺ​ម៉ង់ និង​ពាន​ក្នុងស្រុក​មួយ​ទៀត ក៏ដូច​ជា​ពាន​ក្រ​ប​ខ័ណ្ឌ Champions League ក្នុង​រដូវ​កាល​តែមួយ​ជា​មួយនឹងក្លិប Bayern នោះ បាន​បញ្ចប់​ក្នុងនាម​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​ក្នុង​រាល់​យុទ្ធ​នាការ​ទាំង​៣ និង​បាន​ឈ្នះពាន​រង្វាន់​នេះ​ជាលើក​ដំបូង​។ ខ្សែ​ប្រយុទ្ធ​​វ័យ​៣២​ឆ្នាំ​រូបនេះ ក៏​បាន​ជួយ​ឲ្យក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប៉ូឡូញ ឈ្នះ​កៅអី​ទៅលេង​ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ និង​ជាប់​ជា​​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​​២០១៩-២០២០ របស់​ស​ហ​ព័ន្ធកីឡា​បាល់​ទាត់​ទ្វី​ប​អឺ​រ៉ុប (UEFA) កាលពី​ខែ​តុលា​ផងដែរ​។ Lewandowski បាន​ឲ្យដឹថា៖ «ការ​ឈ្នះពាន​រង្វាន់​បែបនេះ និង​ចែក​រំលែក​ពាន​​នេះ ជាមួយនឹង​ម្ចាស់​ពាន​ឆ្នាំមុន Messi និង Ronaldo គឺ​ជា​រឿង​ដែលមិន​គួរ​ឲ្យ​ជឿ និង​មានន័យ​ខ្លាំង​ណាស់​ចំពោះ​ខ្ញុំ​។ ខ្ញុំ​ពិត​ជា​មានមោទ​ន​ភាព​ និង​រីករាយ​។

នេះ​គឺ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ ហើយ​ក៏​សម្រាប់​ក្លិប និង​​មិត្ត​រួម​អាជីព​របស់​ខ្ញុំ​ផង​ដែរ​»​។ ជា​មួយ​គ្នា​នេះ ខ្សែ​ការ​ពារ Lucy Bronze របស់​ក្លិប Manchester City បាន​ឈ្នះ​ពានកីឡាការិនី​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​ ដើម្បី​ក្លាយ​ជា​ស្ត្រី​ដំបូង​គេ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​នេះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia