បរទេស៖ ក្រុម​ឈរលេខ​២ Bayern Munich កំពុង​តែ​ស្រេក​ឃ្លាន​​ក្នុង​ការ​បង្ហាញ​ពី​ភាពខ្លាំង​របស់​ខ្លួន ក្នុងក្រប​ខ័ណ្ឌ Bundesliga តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​នៅលើ​ទឹក​ដីក្រុម​កំពុង​មាន​ពិន្ទុនាំមុខ Bayer Leverkusen នៅ​ថ្ងៃ​សៅរ៍ ក្នុង​ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​ចំណាត់​ថ្នាក់​កំពូល​តារាង​ដូចគ្នា នៅ​រដូវ​កាល​នេះ​។

 

ក្រោម​ការ​ដឹកនាំ​របស់​លោក​គ្រូបង្វឹក​សញ្ជាតិ​ហូឡង់ Peter Bosz ក្រុម Leverkusen គឺ​ជាក្រុម​តែមួយ​ដែល​នៅ​តែ​មិនស្គាល់​ចាញ់​សោះ​​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌលីកនៅ​រដូវ​កាល​នេះ​។ ពួក​គេ​កំពុង​តែ​មាន​១ពិន្ទុ​លើ​ក្រុម Bayern ក្រោយពី​បាន​​យកឈ្នះ​លើ​​ក្រុម Cologne ក្នុងលទ្ធ​ផល ៤-០ កាល​ពីថ្ងៃ​ពុធ​។ ផ្ទុយ​ទៅ​វិញ ក្រុម​ Bayern ត្រូវ​ការ​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ពី​ខ្សែ​ប្រយុទ្ធ Robert Lewandowski និង​ការ​សង្គ្រោះ​បាល់​យ៉ាងល្អ​របស់​អ្នក​ចាំ​ទី Manuel Neuer ដើម្បី​ផ្តួលក្រុម Wolfsburg ទាំង​ប្រផិត​ប្រផើយ​ក្នុងលទ្ធ​ផល ២-១ កាលពី​ពាក់​កណ្តាល​សប្តាហ៍​នេះ ក្រោយពី​បាន​​បញ្ចប់​ក្នុងលទ្ធផល​ស្មើ​ពី​ការប្រកួត​ទាំង​២លើក​ដំបូង​របស់​ខ្លួន​។ បញ្ហា​របួស​​កីឡាករ និង​កម្ម​វិធី​ប្រកួត​ដ៏​មមា​ញឹក បាន​​កើត​ឡើង​​ជា​បន្ត​បន្ទាប់​លើ​ក្រុម​ Bayern ដែល​ហាក់ដូច​ជា​ទន់ខ្សោយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។

Lewandowski ដែល​ទើប​ងតែ​បាន​ឈ្នះពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់ FIFA កាល​ពី​ថ្ងៃព្រហស្បតិ៍ បាន​និយាយ​ថា ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ នឹង​ផ្តល់​ឱកាស​ឲ្យ​ក្រុម Bayern ក្នុង​ការ​ជម្នះ​លើ​បញ្ហាអស់​​កម្លាំងរបស់​ខ្លួន នៅ​ក្នុងការ​ប្រកួតលីក​ចុងក្រោយនៃ​ឆ្នាំ​២០២០​របស់​ពួក​គេ នៅ​មុន​ពេល​ឈាន​ដល់​ការ​សម្រាក​រយៈពេល​២​សប្តាហ៍ នា​រដូវ​រងា​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia