បរទេស៖ ខ្សែ​ប្រយុទ្ធ Rafael Leao របស់ក្លិប AC Milan បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​លឿន​ជាង​គេ​បំផុតក្នុង​ប្រវត្តិ​សាស្ត្រ​នៃក្រប​ខ័ណ្ឌ Serie A កាលពីថ្ងៃ​អាទិត្យ តាមរយៈ​ការ​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី ក្រោយពី​លេង​បាន​ត្រឹម​តែ​៦​វិនាទី ក្នុង​ពេលក្រុម​ខ្លួនដ​ណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ២-១ លើ​ទឹកដីក្រុម Sassuolo ដើម្បី​រក្សា​ការ​ឈរ​លើ​កំពូល​តារាង ដោយនាំមុខ​លើ​គូ​ប្រជែងក្នុងទីក្រុង​តែ​មួយ Inter Milan​។

AC Milan ដែលកំពុង​តែ​ប្រម៉ាញ់​រក​ការ​ឈ្នះ​ពាន​ Serie A ជាលើក​ដំបូង​របស់​ខ្លួន បើ​គិត​ចាប់តាំងពីឆ្នាំ​២០១១ បាន​​បើក​ការ​វាយ​សម្រុក​ភ្លាម​ៗ ពេល​ចាប់​ផ្តើម​ប្រកួត ខណៈ​ដែល​ខ្សែ​បម្រើ​អន្តរ​ជាតិ​តួកគី Hakan Calhanoglu បាន​បញ្ជូន​បាល់​យ៉ាងល្អ​ទៅ​ឲ្យ Leao ដើម្បី​រក​បាន​គ្រាប់​បាល់​បើកឆាក​យ៉ាង​ឆាប់រហ័ស​។ អ្នក​ដែល​រកបានគ្រាប់​បាល់​លឿន​ជាង​គេ​បំផុត​កាលពី​មុន​ក្នុងក្រប​ខ័ណ្ឌកំពូល​​របស់​អ៊ី​តាលី គឺ​កីឡាករ Paolo Poggi ដែល​បាន​រក​គ្រាប់​បាល់​ឲ្យ​ក្រុម Piacenza ពេល​ប្រកួត​ជាមួយនឹងក្រុម Fiorentina កាលពី​ខែ​ធ្នូ ឆ្នាំ​២០០១ ក្រោយពី​លេង​បាន​៨វិនាទី​។ ក្រុម AC Milan កំពុ​ង​តែ​នាំមុខ​១ពិន្ទុ​លើ​ក្រុម Inter របស់​លោក Antonio Conte ដែល​បានផ្តួលក្រុម Spezia ២-១ ខណៈ​ដែលក្រុម​ម្ចាស់​ជើង​ឯក Juventus តាម​ពីក្រោយ​៤ពិន្ទុ ក្រោយពីបានយកឈ្នះ​លើក្រុម Parma ៤-០ កាលពីថ្ងៃ​សៅរ៍​​។

លោក Stefano Pioli គ្រូបង្វឹក​របស់ AC Milan ដែល​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ​ ២-២ ក្នុង​ការ​ប្រកួត​​លីក​២លើក​ចុងក្រោយ​របស់​ខ្លួន​ពេល​ប៉ះ​ក្រុម Parma និង Genoa នោះ បាន​ឲ្យដឹងថា៖ «យើង​បាន​ទាត់​បាល់​ត្រឹម​តែ​៤ ឬ​៥​ជើង​ប៉ុណ្ណោះ​​។ Leao ពិត​ជា​ត្រៀម​ខ្លួន​បាន​យ៉ាងល្អ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia