បរទេស៖ លោក Frank Lampard បានបញ្ជាក់ថា លោក និងកីឡាកររបស់លោកនឹងរៀនបានច្រើនពីរបៀបដែលពួកគេអាចឆ្លើយតបទៅនឹងការរងបរាជ័យ២លើកជាប់ៗគ្នា នៅពេលដែលពួកគេជួបក្រុម West Ham United នៅរាត្រីនេះ។
សម្រាប់រយៈពេលជាលើកទី១ក្នុងរយៈពេល១ឆ្នាំ ក្រុមតោខៀវ បានរងបរាជ័យជាប់ៗគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Premier League ក្រោយពីបានចាញ់នៅលើទឹកដីក្រុម Everton និង Wolverhampton Wanderers ខណៈដែលពួកគេមិនស្គាល់ចាញ់សោះ៩ប្រកួតជាប់ៗគ្នាក្នុងយុទ្ធនាការនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា Chelsea នឹងវិលទៅប្រកួតនៅកីឡដ្ឋាន Stamford Bridge នៅរាត្រីថ្ងៃចន្ទ ខណៈដែលពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម West Ham ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងឡុងដ៍ដូចគ្នា ដោយពួកគេនឹងសម្លឹងរកការដណ្តើមបានជ័យជម្នះលើទឹកដីខ្លួនឯង។
លោក Lampard បានបញ្ជាក់ថា ការជឿជាក់គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើតឱកាសដើម្បីស្តារមុខមាត់ឡើងវិញ ពេលប្រកួតជាមួយនឹងក្រុម West Ham។ លោកបានឲ្យដឹងថា៖ «ការជឿជាក់ពិតជាសំខាន់ណាស់។ នេះនឹងក្លាយជាការសាកល្បងដ៏ធំមួយសម្រាប់កីឡាករ និងខ្លួនខ្ញុំផ្ទាល់ ពីព្រោះការងាររបស់ខ្ញុំគឺការធ្វើឲ្យកីឡាករមានភាពខ្លាំងឡើងវិញ។ ខ្ញុំត្រូវតែធ្វើអ្វីដែលខ្ញុំជឿជាក់ និងអ្វីដែលយើងបានធ្វើនៅរដូវកាលនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia