បរទេស៖ ក្រុម AC Milan និង Inter Milan នឹងព្យាយាមបញ្ចប់ឆ្នាំនេះ ដោយស្ថិតនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A នៅរាត្រីថ្ងៃពុធ ខណៈដែលក្រុមទាំង២ ដែលស្ថិតក្នុងទីក្រុងតែមួយ ព្យាយាមរារាំងក្រុម Juventus កុំឲ្យឈ្នះពានក្របខ័ណ្ឌកំពូលអ៊ីតាលីជាលើកទី១០ជាប់ៗគ្នានៅរដូវកាលនេះ។
ក្រុមកំពុងមានពិន្ទុនាំមុខ AC Milan ដែលមិនទាន់ស្គាល់ចាញ់សោះក្នុងក្រខ័ណ្ឌលីកចាប់ចាប់តាំងពីខែមីនា នឹងត្រូវជួបក្រុមខ្លាំង Lazio នាកីឡដ្ឋាន San Siro។ លោក Stefano Pioli គ្រូបង្វឹក AC Milan បានឲ្យដឹងថា៖ «យើងនៅសល់ការប្រកួត១លើកទៀតជាមួយនឹងក្រុម Lazio ហើយយើងអាចនឹងសម្រេចគោលដៅទី១របស់យើង ដែលជាការរក្សាចំណាត់ថ្នាក់លេខ១លើតារាង Serie A នៅថ្ងៃទី២៣ ខែធ្នូ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វានឹងបន្ថែមទៅលើជ័យជម្នះរបស់យើងក្នុងក្របខ័ណ្ឌ Europa League នៅរដូវកាលនេះ ហេតុនេះ យើនឹងបញ្ចប់ឆ្នាំនេះ ជាមួយនឹងលទ្ធផលជាវិជ្ជមាន»។
ប៉ុន្តែ ក្រុម Inter Milan របស់លោក Antonio Conte កំពុងតែដេញតាមពីក្រោយ១ពិន្ទុ ក្នុងចំណាត់ថ្នាក់លេខ២ នៅមុនពេលពួកគេធ្វើដំណើរទៅជួបក្រុម Hellas Verona។ Inter បានឈ្នះពានក្របខ័ណ្ឌ Serie A លើកចុងក្រោយកាលពីឆ្នាំ២០១០ ខណៈដែល AC Milan បានឈ្នះពានជាលើកចុងក្រោយរបស់ខ្លួនបន្ទាប់ពីឆ្នាំនោះ។ ចាប់តាំងពីពេលនោះមក ក្រុម Juventus បានគ្រប់គ្រងទាំងស្រុង៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

