បរទេស៖ លោក Mikel Arteta អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Arsenal បាន​ជំ​រុញ​ឲ្យ​ក្រុម​របស់​លោក ប្រើប្រាស់​ការ​ប្រកួត​ដណ្តើម​ពាន League Cup វគ្គ​៨​ក្រុម​ចុងក្រោយ ជាមួយនឹងក្រុម​ម្ចាស់​ការ​ពារ​តំណែ​ជើង​ឯក Manchester City នៅ​​រាត្រីនេះ ជា​កត្តា​លីករ ​មួយ ដើម្បីផ្លាស់ប្តូរ​ជោគ​វាស​នា​របស់​ពួក​គេ និង​ស្រោច​ស្រង់​រដូវកាល​របស់ខ្លួន​។

ក្រុម Arsenal បាន​រង​បរា​ជ័យ​៥លើ ក្នុង​ចំណោម​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ៧​លើក​ចុងក្រោយ​របស់​ពួក​គេ និង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១៥ ដោយ​មាន​១៤ពិន្ទុ ដែលជា​លទ្ធផល​ដ៏អាក្រក់​បំផុត​របស់​ពួកគេនៅ​ដើម​រដូវ​កាល​ បើ​គិត​ចាប់​តាំងពី​ឆ្នាំ​១៩៧៤-១៩៧៥​។ ប៉ុន្តែ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​នៅ​រាត្រី​នេះ អាច​នឹង​កាត់បន្ថយ​សម្ពាធ​ខ្លះ​​ចេញពី​​លោកគ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ Arteta ដែល​បាន​ចូល​កាន់​តំណែង​ក្នុងក្លិប​នេះ កាល​ខែ​ធ្នូ ឆ្នាំមុន​។ លោក Arteta បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​ថា៖ «នេះ​គឺ​ជា​អ្វី​ដែលយើង​ចង់ប្រើ​ប្រាស់​ការ​ប្រកួតនេះ​។ នេះ​គឺ​ជា​យុទ្ធនាការ​មួយ​ដែលយើង​ចង់​ឈ្នះ​។

យើង​​បាន​ជួប​គូ​ប្រកួត​ខ្លាំង​ៗ​២ក្រុម កាល​ពីមុន ពោល​គឺ​ការ​ជួបក្រុម Leicester City និង Liverpool»​។ លោក​បាន​បន្ថែមទៀត​ថា៖ «យើ​បាន​​ផ្តួលក្រុម​ខ្លាំង​ទាំង​២ ហើយ​បច្ចុប្បន្ន យើង​សល់​តែ​១​ជំហាន​ទៀត​ប៉ុណ្ណោះ​ដើម្បី​ទៅកាន់​កីឡដ្ឋាន Wembley​។ នេះ​គឺ​ជា​ការ​ប្រកួត​ដ៏ល្អ​សម្រាប់​យើង​ក្នុងការ​លេង ពីព្រោះ​នេះ​ជា​ប្រភេទ​នៃការ​ប្រកួត​ដែលយើង​កំពុង​តែ​រង់​ចាំ​នៅ​រដូវ​កាល​នេះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia