បរទេស៖ ក្រុម Manchester City បាន​បន្ថែម​សម្ពាធ​ទៅលើ​លោក Mikel Arteta នៅពេល​ដែលក្រុម​ម្ចាស់​ការ​​ពារ​តំណែង​ជើ​ឯក​ពាន League Cup មួយនេះ បាន​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ តាម​រយៈ​ការយកឈ្នះ​លើក្រុម Arsenal ក្នុងលទ្ធ​ផល ៤-១ កាលពីថ្ងៃ​អង្គារ​។

Man City បាន​ធ្វើ​ឲ្យ​​លោក Arteta គ្រូបង្វឹក​របស់ក្រុម Arsenal លិច​លង់​ក្នុង​សម្ពាធ​កាន់​តែ​ជ្រៅ​នៃ​អំឡុង​រដូវ​បុណ្យ​ណូអែល តាមរយៈការ​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​រង​បរា​ជ័យ​ជាលើក​ទី​៤​ក្នុង​ចំណោម​ការ​ប្រកួត​៦​លើក​ចុងក្រោយ​របស់​ពួកគេ ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់​។ ខ្សែ​ប្រយុទ្ធ Gabriel Jesus បាន​ចំណាយ​ពេល​ត្រឹម​តែ​៣នាទី​ប៉ុណ្ណោះ ដើម្បី​ជួយ​ឲ្យក្រុម Man City រក​បាន​គ្រាប់បាល់​នាំមុខ​មុន នា​កីឡដ្ឋាន Emirates ហើយ​បើ​ទោះ​បី​ខ្សែ​ប្រយុទ្ធ Alexandre Lacazette បាន​រក​គ្រាប់បាល់​តាម​ស្មើ​ក៏ដោយ ប៉ុន្តែ លោក Arteta នៅ​តែ​ជួប​រាត្រី​ដ៏​សោក​សៅ​មួយ​ផ្សេង​ទៀត​។ អ្នក​ចាំ​បម្រុង Alex Runarsson របស់​ក្លិប Arsenal បាន​ធ្វើ​ឲ្យ​មានកំហុស នៅពេល​ដែល​រូប​គេ​បាន​ធ្វើ​ឲ្យ​បាល់​ស៊ុត​ពិន័យ​ Free-kick របស់ Riyad Mahrez ចូល​ក្នុង​សំណាញ់​ទី​ដ៏ងាយស្រួល​។

កីឡាករ Phil Foden និង Aymeric Laporte បានបំពេញការ​ឈឺ​ចាប់​សម្រាប់​ក្រុម​ Arsenal តាមរយៈ​ការរក​បាន​គ្រាប់​បាល់​ទី​៣ និង​ទី​៤​សម្រាប់​ក្រុម​ខ្លួន​។ ឈរក្នុង​ចំណាត់ថ្នាក់លេខ​១៥ នៅលើ​តារាងក្រប​ខ័ណ្ឌ Premier League ក្រោយពី​ចាញ់​៥លើក​ក្នុង​ចំណោម​ការ​ប្រកួត​៧​លើក​ចុងក្រោយ ដែល​ជា​កំណត់​ត្រា​ដ៏​អន់​បំផុត​របស់​ពួក​គេនៅ​ដើម​រដូវ​កាល​មួយ បើ​គិត​ចាប់​តាំងពី​រដូវ​កាល​ឆ្នាំ​១៩៧៤-១៩៧៥ ក្រុម Arsenal កំពុ​ង​តែ​ស្ថិត​ក្នុង​វិបត្តិ​យ៉ាង​ពិត​ប្រាកដ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia