បរទេស៖ គ្រាប់​បាល់​តែត​បញ្ចូល​យ៉ាងល្អពី​សំណាក់​កីឡាករ Casemiro និ​​ង​គ្រាប់​បាល់​នៅ​នាទី​បន្ថែម​ពី​ខ្សែ​ប្រយុទ្ធ Karim Benzema បាន​ជួយ​ឲ្យ​ក្រុម Real Madrid យកឈ្នះលើក្រុម​ខ្លាំង Granada ក្នុង​លទ្ធផល ២-០ នៅ​លើ​ទឹកដីខ្លួន​ឯង កាលពីថ្ងៃ​ពុធ ដើម្បីកត់ត្រា​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ La Liga ជាលើក​ទី​៥​ជាប់​ៗ​គ្នា និង​តាមស្មើ​ពិន្ទុ​ជា​មួយ​នឹងក្រុម Atletico Madrid​។

ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​មួយនេះ លេង​មិនបានល្អ​ឡើយ​នៅ​តង់​ទី​១ ប៉ុន្តែ បាន​បង្ហាញពី​កម្រិតលេង​យ៉ាង​រស់​រវើក​នៅ​តង់​ទី​២ ហើយ​ក្រោយពី​បាន​​​បង្កើត​ឱកាស​ជាច្រើន ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល Casemiro បាន​តែត​បាល់ប​ញ្ចូល​ទី​ពីការ​បញ្ជូន​បាល់​ឆ្លង​របស់ Marco Asensio ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន​នាំមុខ​នៅ​នាទី ទី​៥៧​។ ក្រុម Granada បាន​បន្ត​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​លើ​​ក្រុម Zinedine Zidane នៅ​តង់​ទី​២ នៅមុន​ពេល​ខ្សែ​ប្រយុទ្ធ Benzema បាន​អូស​បាល់ដាច់​តែ​ម្នាក់​ឯង និង​ស៊ុត​បាល់​បញ្ចូល​ទី​ដើម្បី​បំពេញ​ជ័យ​ជម្នះ​សម្រាប់​ក្រុមខ្លួន​។

Real មាន​៣២ពិន្ទុ​ពីការ​ប្រកួត​១៥លើក មុន​នឹង​ឈាន​ទៅកាន់​ថ្ងៃ​សម្រាក ដោយ​មានពិន្ទុ​ស្មើ​ជាមួយនឹងក្រុម Atletico ដែល​មានគ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង និង​នៅ​សល់​២​ប្រកួត​ក្នុង​ដៃ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia