បរទេស៖ កីឡាករ​វ័យ​ក្មេង Timothee Pembele របស់​ក្រុម Paris St-Germain បាន​រក​គ្រាប់បាល់​បញ្ចូល​ទី​​ជាលើក​ដំបូង​របស់​គេ​សម្រាប់​ក្លិប​នេះ ខណៈ​ដែល​ពួក​គេ​បាន​ផ្តួល​ក្រុម Strasbourg យ៉ាង​ចាស់​ដៃ​ក្នុងលទ្ធ​ផល ៤-០ ដើម្បី​រក្សា​ល្បឿន​ដេញ​តាម​ពីក្រោយក្រុម​កំពូល​តារាង កាលពីថ្ងៃ​ពុធ​។

ស្រប​​ពេល​ជាមួយ​គ្នា​នេះ ក្រុម Lyon បាន​ផ្តួល​ក្រុម ក្រុម Nantes យ៉ាង​ងាយ​ក្នុងលទ្ធ​ផល ៣-០ ដើម្បីឡើង​ឈរ​ពី​លើ​ក្រុម Lille នៅលើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Ligue 1 មុន​នឹង​ឈាន​ទៅកាន់​ការ​សម្រាក​នា​រដូវ​រងា។ ក្រុម Lyon របស់​លោក Rudi Garcia ឡើង​ឈរ​ពី​លើ​ក្រុម Lille តាមរយៈ​ការ​រក​បាន​គ្រាប់​បាល់ច្រើន​ជាង ខណៈ​ដែលក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក Paris Saint-Germain ដេញ​តាមពីក្រោយ​១ពិន្ទុ ក្រោយពី​បាន​ផ្តួលក្រុម Strasbourg ៤-០ នា​កីឡដ្ឋាន Parc des Princes​។ Lyon បាន​ឡើង​ឈរ​ពីលើ​ក្រុម Lille នៅលើ​កំពូល​តារាង ក្រោយពី​បាន​បង្ហាញពី​កម្រិតលេ​យ៉ាងល្អ​នៅ​តង់​ទី​១ ពេល​ប្រកួត​ជាមួយនឹងក្រុម Nantes​។

ដោយឡែក លោក Thomas Tuchel គ្រូបង្វឹក​របស់​ក្រុម PSG បានផ្លាស់ប្តូរ​កីឡាករ​ដល់​ទៅ​៥​នាក់ពីក្រុម​ដែល​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ០-០ ជាមួយនឹងក្រុម Lille កាលពី​ចុងសប្តាហ៍​ថ្មី​ៗនេះ ខណៈ​ដែល Kylian Mbappe បាន​ចូលលេង​ក្នុង​ជម្រើស​ដំបូង ក្រោយពី​បាន​ជាសះ​ស្បើយ​ពី​របួស​សាច់​ដុំ៕

 

ប្រភព​ព័ត៌​មាន៖ BBC