បរទេស៖ ក្លិប Paris Saint-Germain បាន​បណ្តេញ​លោក​គ្រូបង្វឹក Thomas Tuchel ចេញពី​តំណែង ខណៈ​ដែល​អតីត​ខ្សែ​ការ​ពារ​របស់​ក្លិប​នេះ និងជា​អតីត​គ្រូបង្វឹក​របស់ក្លិប Tottenham លោក Mauricio Pochettino បាន​ជាប់​ជា​បេក្ខ​ភាព​ដែល​ត្រូវ​ចូល​ជំនួស​។

នេះ​បើយោង​ទៅ​តាម​​ការ​ចេញផ្សាយ​របស់​បណ្តាញ​សារ​ព័ត៌​មាន​នានា កាលពីថ្ងៃ​ព្រហស្បតិ៍​។ ក្រុម​ម្ចាស់​ជើង​ឯក​របស់​បារាំងមួយនេះ បាន​បដិសេធ​ក្នុងការ​ធ្វើ​ការ​បក​ស្រាយ នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ដោយ​បណ្តាញ​សារ​ព័ត៌​មាន ដើម្បី​បញ្ជាក់ពីការ​បណ្តេញ​ចេញ​នេះដូច​ការចេញផ្សាយ​ដោយ​កា​សែត L’Equipe បណ្តាញ​ផ្សព្វផ្សាយ RMC និង​កាសែត​អាល្លឺ​ម៉ង់ Bild​។ នៅពេល​ដែល​ត្រូវ​ចោទ​សួរ​ថា ព័ត៌​មាន​នៃ​ការ​​បណ្តេញ​ចេញនេះ ពិត​ឬ​អត់ អ្នក​នាំ​ពាក្យម្នាក់​របស់​ក្លិប​បាន​​ឆ្លើយ​តប​វិញ​ថា៖ «មិន​ដឹង​ឡើយ​។ យើង​មិន​​ស្ថិតក្នុង​ដំណាក់​កាល​ក្នុងការ​ធ្វើការ​បក​ស្រាយ​ទៅលើ​ប្រធាន​បទ​នេះឡើយ​»​។ លោក Pochettino ដែល​បាន​ចំណាយ​ពេល​២​ឆ្នាំ​កន្លះ​ក្នុងនាម​ជា​កីឡាករ​របស់ក្លិប PSG អាច​នឹង​ចូល​ដឹកនាំ​វគ្គ​ហ្វឹកហាត់​ជាលើក​ដំបូង​របស់​យើង នៅថ្ងៃ​ទី​៣ ខែ​មករា ក្រោយពីការ​សម្រាក​នា​រដូវ​រងា​។

លោក Tuchel វ័យ​៤៧​ឆ្នាំ បាន​ចូលរួម​ជាមួយនឹង​ក្លិប PSG ក្នុង​កិច្ច​សន្យា​រយៈ​ពេល​២​ឆ្នាំ កាលពីឆ្នាំ​២០១៨ នងិ​បាន​ដឹកនាំ​ឲ្យ​ក្លិប​មានមូលដ្ឋាន​នៅ Parc des Princes ឈាន​ទៅ​​ប្រកួត​ក្រប​ខ័ណ្ឌ Champions League ជាលើក​ដំបូង កាលពី​រដូវ​កាល​មុន​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia