បរទេស៖ ប្រធានក្រុម Pierre-Emerick Aubameyang បានបញ្ជាក់ថា កីឡាករវ័យក្មេង ដែលកំពុងតែស្រេកឃ្លានក្នុងការបង្ហាញពីកម្រិតសមត្ថភាពរបស់ពួកគេក្នុងក្រុមធ្លាក់ទម្រង់លេង Arsenal ត្រូវតែមានការអត់ធ្មត់ លើការរង់ចាំរបស់ពួកគេ ដើម្បីចូលលេងក្នុងក្រុមឈុតធំ។
ក្រុមកាំភ្លើងធំមួយនេះ បានជួបលទ្ធផលដ៏អាក្រក់បំផុតនៅដើមរដូវកាលនៃក្របខ័ណ្ឌលីករបស់ខ្លួន ក្នុងរយៈពេលជិតពាក់កណ្តាលសតវត្សរ៍មកនេះ (រដូវកាលឆ្នាំ១៩៧៤-១៩៧៥) និងបានឈ្នះការប្រកួតលីកចុងក្រោយរបស់ខ្លួនកាលពីថ្ងៃទី១ ខែវិច្ឆិកា។ មុនពេលធ្វើដំណើរទៅប្រកួតនៅរាត្រីថ្ងៃសៅរ៍ជាមួយនឹងក្រុមឈរលេខ៥ Chelsea លើទឹកដីខ្លួនឯង ពួកគេមានត្រឹមតែ៤ពិន្ទុប៉ុណ្ណោះពីលើក្រុមស្ថិតក្នុងតំបន់កាត់ចោល។ ការមិនអាចរកបានគ្រាប់បាល់របស់ Aubameyang គឺជាហេតុផលមួយក្នុងចំណោមហេតុផលផ្សេងទៀត ដែលនាំឲ្យពួកគេធ្លាក់ចូលក្នុងដំណាក់កាលនេះ ក្រោយពីបានស៊ុតបាល់បញ្ចូលទីត្រឹមតែ៤គ្រាប់គត់។ ទម្រង់លេងរបស់កីឡាករដែលពោរពេញដោយបទពិសោធផ្សេទៀតដូចជា Granit Xhaka និង Willian ក៏ធ្លាក់ចុះយ៉ាងគំហុកផងដែរ ដែលនាំឲ្យលោកគ្រូបង្វឹក Mikel Arteta គិតដល់ការប្រើប្រាស់កីឡាករវ័យក្មេង។
Folarin Balogun, Eddie Nketiah, Emile Smith Rowe និង William Saliba ដែលសុទ្ធសឹងមានអាយុក្រោម២១ឆ្នាំ សុទ្ធសឹងជាកីឡាករដែលស្ថិតក្នុងជម្រើសដ៏គួរឲ្យចាប់អារម្មណ៍។ Aubameyang បានឲ្យដឹងថា៖ «នៅពេលដែលអ្នកជាកីឡាករវ័យក្មេងម្នាក់ដែលព្យាយាមធ្វើឲ្យបានល្អនៅក្នុងក្លិបមួយដូចជា Arsenal នោះពិតណាស់ មានសម្ពាធជាច្រើន។ ហេតុនេះ អ្នកត្រូវតែមានការអត់ធ្មត់បន្តិច»៕
ប្រភពព័ត៌មាន៖ Channel News Asia