បរទេស៖ តារា​បាល់​ទាត់​ដ៏ឆ្នើមរបស់​ប្រេស៊ីល Neymar កំពុង​តែ​ស្ថិតនៅ​ចំ​កណ្តាល​នៃ​​ការ​បង្ក​ឲ្យមាន​ភាព​ចម្រូង​ចម្រាស់​ជា​ថ្មី ក្រោយ​ពី​កា​សែត​ប្រេស៊ីល​ជាច្រើន បាន​ចេញ​ផ្សាយថា ខ្សែ​ប្រយុទ្ធ​រូបនេះ កំពុង​តែ​រៀប​ចំ​កម្មវិធី​ជប់​លាង​អប​អរ​ចូល​ឆ្នាំ​ថ្មី​ដ៏​មហា​ឱឡា​រឹក​មួយ បើ​ទោះ​បី​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូ​ណា​ក៏ដោយ​។

លោក Acelmo Goes អ្នក​សរសេរ​អត្ថ​បទ​ម្នាក់​ឲ្យ​កា​សែត O Globo បាន​អះ​អាង​ថា ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Paris Saint-Germain រូបនេះ កំពុង​តែ​រៀប​ចំ​កម្ម​វិធី​ជប់លាង​រយៈ​ពេល​១​ឆ្នាំ ដែលមាន​មនុស្ស​ចូល​រួម​៥០០​នាក់ នៅ​ឯ​​វិមាន​ដ៏​ប្រណិត​របស់​គេ ក្បែរ​ទីក្រុង Rio de Janeiro ខណៈ​ដែល​ពិធី​ជប់លាង​នោះ​បាន​ចាប់ផ្តើម​កាលពីថ្ងៃ​សៅរ៍ ហើយ​និង​បន្ត​រហូត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​។ ប្រស៊ីល គឺ​ជា​ប្រទេស​ដែលមាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​បំផុតក្នុង​ពិភព​លោក ​ដោយ​សារ​តែ​វីរុស​កូរ៉ូ​ណា ក្រោយពី​​មាន​មនុស្ស​ស្លាប់១៩១ ០០០នាក់ និង​មាន​ករណី​ឆ្លង​ចំនួន​៧,៤​លាន​នាក់​។

Neymar ដែលមិនមែន​ទើប​តែ​បាន​បង្កើត​ភាព​ចម្រូ​ង​ចម្រាស់​​ជុំ​វិញ​ការ​រៀប​ចំ​ពិធី​ជប់លា​​ង​នោះ ក៏​បាន​ដំឡើង​ឧបករណ៍​​កាត់​បន្ថយ​សំឡេង​ផងដែរ ដើម្បី​កុំ​ឲ្យ​រំ​ខាន​ដល់​អ្នក​ជិត​ខាង​។ លោក Leo Dias ដែល​ជា​អ្នក​សរសេរ​អត្ថ​បទ​ឲ្យ​គេ​ហ​ទំ​ព័រ Metropoles បាន​បញ្ចេញ​ឈ្មោះ​សិល្បៈ​ករល្បី​ៗដែល​នឹង​ត្រូវ​សម្តែង​នៅក្នុង​កម្មវិធី​ជប់​លាង​របស់ Neymar ដូច​ជា​នាង Ludmilla និង​លោក Wesley Safadao ជា​ដើម៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia