បរទេស៖ ក្របខ័ណ្ឌ Premier League បានបញ្ជាក់កាលពីថ្ងៃអង្គារថា មនុស្សចំនួន១៨នាក់ បានតេស្តឃើញជាវិជ្ជមានទៅលើវីរុសកូវីដ-១៩ ក្រោយពីការធ្វើតេស្តថ្មីៗនេះ ដែលត្រូវបានរៀបចំឡើងនៅចន្លោះថ្ងៃទី២១ និងទី២៧ ខែធ្នូ ទៅលើកីឡាករ និងបុគ្គលិកចំនួន ១ ៤៧៩នាក់។
នេះគឺជាចំនួនខ្ពស់បំផុតនៃករណីឆ្លងដែលបានកើតឡើង ក្នុងរយៈពេលត្រឹមតែ១សប្តាហ៍ នៅរដូវកាលនេះ។ ចាប់តាំងពីរដូវកាលថ្មីនេះ បានចាប់ផ្តើមប្រកួត មនុស្សចំនួន១៣១នាក់ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស បានតេស្តឃើញជាវិជ្ជមានទៅលើវីរុសកូវីដ-១៩ ក្នុងការធ្វើតេស្តចំនួន១៧ជុំ។ ក្របខ័ណ្ឌលីកនេះ មិនបានបញ្ចេញឈ្មោះមនុស្សដែលតេស្តឃើញជាវិជ្ជមាន ឬក៏ក្លិបរបស់ពួកគេឡើយ ប៉ុន្តែ បានបញ្ជាក់ថា អ្នកឆ្លងទាំងនោះនឹងនៅដាច់ដោយឡែកពីគេហរយៈពេល១០ថ្ងៃ។ កាលពីថ្ងៃចន្ទ ក្លិប Manchester City បានបញ្ជាក់ពីករណីឆ្លងជាច្រើនក្នុងក្រុមរបស់ខ្លួន ពោលគឺត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្សែប្រយុទ្ធ Gabriel Jesus និងខ្សែការពារ Kyle Walker បានតេស្តឃើញលទ្ធផលជាវិជ្ជមាន ដែលនាំឲ្យក្របខ័ណ្ឌលីកអង់គ្លេស ពន្យារពេលការប្រកួតរបស់ពួកគេនៅលើទឹកដីក្រុម Everton តែម្តង។
ទីលានហ្វឹកហាត់របស់ Man City ក៏បានបិទផងដែរ ហើយការប្រកួតនាពេលបន្ទាប់របស់ពួកគេនៅលើទឹកដីក្រុម Chelsea នៅថ្ងៃអាទិត្យ កំពុងស្ថិតក្នុងភាពមិនច្បាស់ ខណៈដែលលោក Frank Lampard គ្រូបង្វឹករបស់ Chelsea បានបញ្ជាក់ថា ការប្រកួតនេះ នឹងមិនអាចទៅរួចឡើយ ប្រសិនបើក្រុមទាំង២នៅតែគ្មានសុវត្ថិភាពនោះ៕
ប្រភពព័ត៌មាន៖ Channel News Asia