បរទេស៖ ក្រុម Liverpool បាន​ខ្ជះ​ខ្ជាយ​ឱកាស​ក្នុង​​ការ​បន្ថែម​ការ​នាំមុខ​រហូត​ដល់​ទៅ​៥ពិន្ទុ​នៅ​លើ​កំពូល​តារាង​​នៃក្រប​ខ័ណ្ឌ Premier League នៅ​ក្នុង​ការ​ប្រកួត​ចុងក្រោយ​នៃ​ក្រប​ខ័ណ្ឌកំពូល​របស់​អង់គ្លេស នៅ​ឆ្នាំ​២០២០​នេះ បន្ទាប់​ពី​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ០-០ ជា​មួយ​នឹងក្រុម Newcastle កាលពីថ្ងៃ​ពុធ​។

លទ្ធផល​ស្មើ​នៅ​កីឡដ្ឋាន St James’ Park មាន​ន័យ​ថា ក្រុម​ម្ចាស់​ជើង​​ឯក​មួយនេះ នឹង​ឈាន​ចូល​ឆ្នាំ​ថ្មី ជាមួយនឹង​ការនាំមុខ​៣ពិន្ទុ​លើ​ក្រុម Manchester United ក្រោយពី​បាន​លេង​ការ​ប្រកួត​ច្រើន​ជាង​គូ​ប្រកួត​ខ្លួន​១​លើក​។ ប៉ុន្តែ ពួក​គេ​នឹង​សោក​ស្តាយ​ចំពោះ​ការ​ខ្ជះ​ខ្ជាយ​ឱកាស​ជាច្រើន​របស់​​ពួក​គេ ខណៈ​ដែល​​ពួក​គេ​បាន​គ្រប់គ្រង​ការ​ប្រកួតជិត​៧០%​​​។ លោក Klopp ក៏​បាន​សម្តែង​​​ការ​សោក​ស្តាយ​ចំពោះ​ការ​ការ​ខ្វះ​ភាព​មុត​ស្រួច​ក្នុង​តំបន់​ប្រយុទ្ធ​ផង​ដែរ​។

លោក​បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌​មាន BBC ថា៖ «អ្នក​​​មិន​អាច​គិត​ថា ខ្ញុំ​​ត្រូវ​តែ​ប្រាប់​ក្រុម​របស់​ខ្ញុំ​ឲ្យ​មាន​​មោទ​ន​ភាព​ឡើយ ប៉ុន្តែ ខ្ញុំ​ចូល​ចិត្ត​ទម្រង់លេង​របស់​ពួក​គេ​។ ទម្រង់លេង​ពិត​ជា​ល្អ​។ តើ​យើង​អាច​លេង​កីឡា​បាល់ទាត់​ឲ្យ​បានល្អ​ប្រសើរ​ជាង​នេះ​បាន​ទេ? ពិតមែនហើយ ប៉ុន្តែ ក្នុងការ​ប្រកួត​នេះ យើង​បាន​បង្កើតឱកាស​គ្រប់គ្រាន់​ហើយ​ដើម្បី​ឈ្នះ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia