បរទេស៖ ខ្សែប្រយុទ្ធក្លិបបិសាចក្រហម Manchester United កីឡាករ Edinson Cavani បានធ្វើការសុំទោសនិងថ្លែងអំណរគុណដល់អ្នកគាំទ្រចំពោះសារគាំទ្ររបស់ពួកគេបន្ទាប់ពីកីឡាករវ័យ៣៣ឆ្នាំ រូបនេះត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស FA ដាក់ពិន័យព្យួររូបគេចំនួន៣ប្រកួត។
Cavani ទើបតែទទួលយកការពិន័យនេះសម្រាប់ការប្រកួតដំបូងពេលផ្តួល Aston Villa ដើម្បីឡើងមកឈរនៅ ទីកំពូលជាមួយ Liverpool និងបន្តអវត្តមានជាលើកទី២ជាមួយ Manchester City ( ការប្រកួតក្របខណ្ឌ Carabao Cup ) និង បន្តអវត្តមានជាលើកចុងក្រោយពេលជួប Watford ( នៅការប្រកួតក្របខណ្ឌ FA Cup ) ព្រមជាមួយការផាកពិន័យជាទឹកប្រាក់ ១០០,០០០ ផោនផងដែរ។
គួររំលឹកថា Cavani បានសរសេរពាក្យលើបណ្តាញសង្គម Instagram ប្រើពាក្យរើសអើងជាតិសាសន៍ដោយសរសេរពាក្យជាភាសាអេស្បាញ Negreto មានន័យថាស្បែកខ្មៅក្រោយពេលរកបានគ្រាប់បាល់២គ្រាប់ដើម្បីជួយ Man Utd ផ្តួល Southampton ក្នុងលទ្ធផល៣ទល់និងកាលពីខែតុលាកន្លងទៅ។ទោះយ៉ាងណាកីឡាករអន្តរជាតិអ៊ុយរូហ្គាយ បានលុបចោលការបង្ហោះនេះបន្ទាប់ពីរងការរិះគន់ជាខ្លាំង និងដឹងខ្លួនថាត្រូវប្រឈមនិងផ្លូវច្បាប់ផ្នែកក្រមសីលធម៌៕
ប្រភពព័ត៍មាន៖ Metro