បរទេស៖ ក្រុមកាំភ្លើងធំ Arsenal បានវិលត្រលប់មកបង្ហាញទម្រង់លេងល្អសាជាថ្មីទៀតនៅ លីគកំពូល អង់គ្លេស ក្រោយផ្តួលក្រុមដែលកំពុងតស៊ូនៅបាតតារាង West Brom ក្នុងលទ្ធផល៤ទល់និង០នៅឯ កីឡាដ្ឋាន The Hawthorns ក្រោមតំណក់ព្រិលធ្លាក់នារដូវរងារកាលពីយប់ថ្ងៃសៅរ៏។
៤គ្រាប់របស់ក្រុមលោក Arteta រកបានដោយខ្សែបម្រើ-ការពារស្លាបឆ្វេង Kieran Tierney មានឪកាសរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីនាំមុខនៅពាក់កណ្តាលតង់ទី ១នាទីទី២៥ មុនពេល Bukayo Saka បានរកគ្រាប់បាល់បញ្ចូលទីគ្រាប់ទី២ត្រឹមតែ៣នាទីក្រោយមកបន្ទាប់ពីការបញ្ចូនបាល់របស់ Granit Xhaka។
ចូលមកដល់តង់ទី២ខ្សែប្រយុទ្ធជួរមុខ Alexandre Lacazette បានបន្ថែមគ្រាប់ទី ៣ និងទី ៤ នៅនាទីទី៦០និង ៦៤ ធ្វើអោយក្រុមម្ចាស់ផ្ទះតដៃលែងរួច។ លទ្ធផល នៅសប្តាហ៏ទី១៧នេះគឺជា ជ័យជម្នះលីគទី ៣ របស់ Arsenal បន្ទាប់ពីពួកគេខកបំណងជួបបរាជ័យ ៧ ជាប់ៗគ្នានាពេលកន្លងមក។រីឯក្រុមចំណាត់ថ្នាក់ទី១៩ West Brom បានបន្តបរាជ័យមិនទាន់ស្គាល់ឈ្នះលើកទី៤ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Sam Allardyce៕