បរទេស៖ ក្រប​ខ័ណ្ឌកីឡា​បាល់ទាត់ Premier League និង​​ទម្រង់​លេង​ផ្សេង​ទៀត​នៃ​កីឡា​អាជីព នៅ​ប្រទេស​អង់គ្លេស នឹង​ត្រូវ​អនុ​ញ្ញាត​ឲ្យ​បន្ត​លេង​ជា​ធម្ម​តា បើ​ទោះ​បី​មាន​ការ​​បិទ​​ប្រទេស​ជា​ថ្មី ដែល​ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​រដ្ឋា​ភិបាល​អង់គ្លេស កាលពីថ្ងៃចន្ទ​។

ប្រជា​ជន​ជិត​៥៦​លាននាក់ នៅ​អង់គ្លេស នឹង​ត្រូវ​វិល​ត្រឡប់​ទៅកាន់​ការ​ការ​រិត​ត្បិត​នានា​ដោយ​សារ​តែ​វីរុស​កូរ៉ូ​ណា ដែលអាច​នឹង​បន្ត​រហូត​ដល់​ពាក់​កណ្តាល​ខែ​កុម្ភៈ ដើម្បី​ព្យា​យាម​​កាត់​បន្ថយ​អត្រា​នៃ​ការ​ឆ្លង​។ នេះ​បើយោង​ទៅ​តាមការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី Boris Johnson តាម​កញ្ចក់ទូរ​ទស្សន៍​។ វិធាន​ការ​នានា ដែល​រួម​ទាំង​ការ​បិទ​សាលា​បឋម​សិក្សា និង​បឋមភូមិ នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ត្រឹម​ថ្ងៃពុធ ក្រោយពី​ប្រទេស​ស្កុត​ឡេន បានប្រកាស​ពី​វិធាន​ការ​ស្រដៀង​គ្នា​នេះ ដែល​នឹង​ត្រូវ​ចូល​ជា​រមាន​នៅ​ថ្ងៃ​អង្គារ​។

ប៉ុន្តែ បញ្ជី​ឈ្មោះ​នៃ​ការ​លើក​លែង ដែលត្រូវ​បាន​បញ្ចេញ​ផ្សាយ​ជា​​សាធារណៈ​ដោយ​រដ្ឋា​ភិបាល​អង់គ្លេស បាន​អនុ​ញ្ញាត​ឲ្យ «អ្នក​លេង​កីឡា​កម្រិត​ខ្ពស់ និងគ្រូបង្វឹករបស់​ពួកគេ​ប្រសិន​បើ​ចាំ​បាច់ ឬ​ឪពុកម្តាយ/អាណាព្យាបាល ប្រសិន​បើ​អត្ត​ពលិក​ទាំង​នោះ​ស្ថិតក្រោម​អាយុ​១៨ឆ្នាំ ឬមន្ត្រី​ជាន់ខ្ពស់​កីឡា ធ្វើ​ការប្រកួត និង​​ហ្វឹក​ហាត់​បាន​ជាធម្មតា៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia