បរទេស៖ លោក Pep Guardiola អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Manchester City បាន​បញ្ជាក់​ថា លោក​មាន​​ក្រុម​មួយ​ដែល​គ្មានកីឡាករ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត​ដណ្តើម​ពាន League Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​រាត្រី​នេះ នៅ​លើ​ទឹកដីក្រុម Manchester United ដោយ​សារ​តែ​ឥទ្ធិ​ពល​នៃ​ការ​ផ្ទុះ​វីរុស​កូវីដ-១៩ នៅ​ក្លិប​មាន​មូលដ្ឋាននៅកីឡដ្ឋាន Etihad របស់​លោក​។

ក្លិបនីមួយ​ៗ អាច​បញ្ចូល​ឈ្មោះ​កីឡាករ​បម្រុង​ចំនួន​៩នាក់ ក្នុងការ​ប្រកួត​​ពាន League Cup វគ្គពាក់​ណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោយពី​ក្រប​ខ័ណ្ឌលីក​អង់គ្លេស បាន​អនុ​ម័ត​ឲ្យ​មានការ​ផ្លាស់ប្តូរ​កីឡាករ​​៥នាក់​ក្នុង​១​ប្រកួត​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា Man City បាន​អវត្ត​មាន​កីឡាករ​៦​នាក់ ដោយ​សារ​តែ​ការ​ឆ្លង​វីរុស​កូរ៉ូ​ណា ក្នុង​ពេល​​ពួក​គេ​យកឈ្នះ​លើក្រុម Chelsea ក្នុងលទ្ធ​ផល ៣-១ ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Premier League កាលពី​ចុង​សប្តាហ៍​មុន​​។ ការ​ប្រកួតរបស់​ក្រុម Man City នៅ​លើ​ទឹកដីក្រុម Everton ក៏​ត្រូវ​បាន​​លើក​ពេល​ផងដែរ ដោយ​សារ​តែ​ករណី​ឆ្លង​វីរុស​ជាច្រើន នៅក្នុង​ជំ​រំហ្វឹកហាត់​ ខណៈ​ដែល​​ក្លិប​ស្ថិត​ក្នុង​ទីក្រុង​ Manchester មួយនេះ រួម​​ជា​មួយនឹងក្រុម Newcastle United, Sheffield United និង Fulham ស្ថិត​ក្នុង​ចំណោម​ក្រុម​ដែល​រង​គ្រោះ​ដោយ​សារ​តែ​វីរុស​កូរ៉ូ​ណា ក្នុងក្រប​ខ័ណ្ឌកំពូល​។

លោក Guardiola បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «យើង​មិនមានកីឡាករ​ច្រើន​ឡើយ​។ ការ​លេង​ការ​ប្រកួត​១ ឬ​២ មិន​អី​នោះ​ទេ ប៉ុន្តែ ប្រសិន​បើ​ករណី​បែប​នេះ រក្សា​កើត​ឡើង​ក្នុង​រយៈ​ពេល​យូរ ហើយ​អ្នក​អាច​ប្រើប្រាស់​កីឡាករ​បាន​ត្រឹម​តែ​១៤ ឬ​១៥នាក់ នោះ​វា​នឹងក្លាយ​ជា​រឿង​ដ៏លំបាក​ហើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia