បរទេស៖ លោក Ole Gunnar Solskjaer កាលពីថ្ងៃអង្គារ បានវាយបកទៅកាន់ពាក្យសម្តីរិះគន់របស់លោក Jurgen Klopp វិញអំពីគ្រាប់បាល់ប៉េណាល់ទីរបស់ Manchester United ខណៈដែលគ្រូបង្វឹករបស់ក្លិបមានមូលដ្ឋាននៅ Old Trafford រូបនេះបានអះអាងថា អ្នកចាត់ការទូទៅរបស់ក្រខ័ណ្ឌ Premier League កំពុងតែព្យាយាមបង្កើតឥទ្ធិពលលើអាជ្ញាកណ្តាល។

លោក Klopp គ្រូបង្វឹករបស់ក្រុម Liverpool បានបង្ហាញចំនួនដ៏ច្រើននៃគ្រាប់បាល់ប៉េណាល់ទីដែលត្រូវបានផ្តល់ឲ្យ Man United បើគិតចាប់តាំងពីលោក Solskjaer បានចូលកាន់តំណែង ក្រោយពីក្រុមហង្សក្រហម មិនទទួលបានបាល់ប៉េណាល់ទីក្នុងពេលចាញ់ក្រុម Southampton កាលពីថ្ងៃចន្ទ។ លោក Klopp បានបញ្ជាក់ថា Man United ទទួលបានគ្រាប់បាល់ប៉េណាល់ទីក្នុងរយៈពេល២ឆ្នាំ ក្រោមការដឹកនាំរបស់លោក Solskjaer ច្រើនជាង Liverpool បើធៀបទៅនឹងការដឹកនាំរយៈពេល៥ឆ្នាំរបស់លោកមកទល់ពេលនេះ។ Man United បានទទួលគ្រាប់បាល់ប៉េណាល់ទី៦គ្រាប់ក្នុងក្របខ័ណ្ឌលីក នៅរដូវកាលនេះ ខណៈដែលក្រុមរបស់លោក Klopp ទទួលបាន៥លើក។
![]()
Man United ទទួលបានបាល់ប៉េណាល់ទីដល់ទៅ៤២លើក ក្នុងរាល់យុទ្ធនាការទាំងអស់ បើគិតចាប់តាំងពីលោក Solskjaer បានចូលកាន់តំណែង កាលពីខែធ្នូ ឆ្នាំ២០១៨ ខណៈដែល Liverpool ទទួលបាន១៩គ្រាប់ ក្នុងដំណាក់កាលដូចគ្នានេះ។ លោក Solskjaer បានវាយបកវិញថា៖ «នោះប្រហែលជាការពិតហើយ។ នោះគឺជាចម្លើយរបស់ខ្ញុំ។ ហេតុនេះ ប្រសិនបើពួកគេចង់ចំណាយពេលបារម្ភពីពេលដែលយើងរងការប្រព្រឹត្តកំហុសក្នុងប្រអប់ទី នោះខ្ញុំមិនចំណាយពេលធ្វើបែបនោះឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia
