បរទេស៖​ ក្លិប​បិសាចក្រហម Manchester United បាន​ប្រកាស​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​បំពេញ​ការ​ផ្ទេរ​ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិកូដឌីវ័រ Amad Diallo ពីក្លិប Atalanta របស់​ក្រប​ខ័ណ្ឌ Serie A​។ កីឡាករវ័យ​១៨​ឆ្នាំ​រូបនេះ បាន​ចុះ​ហត្ថលេខា​លើ​កុង​ត្រា​មួយ​នៅកីឡដ្ឋាន Old Trafford រហូត​ដល់​ឆ្នាំ​២០២៥ ជា​មួយ​នឹង​ជម្រើស​នៃការ​បន្ត​កិច្ច​សន្យា​បន្ថែម​ទៀត​។

កិច្ច​ព្រម​ព្រៀងគ្នា​រវាង​ក្លិប​ទាំង​២ ដំបូង​ឡើយ​ត្រូវ​បានប្រកាស​កាលពីថ្ងៃ​ទី​៥ ខែតុលា ប៉ុន្តែ ការ​ផ្ទេរ​នេះ ត្រូវ​រង់​ចាំ​ការ​ពិនិត្យ​សុខភាព សុំ​លិខិត​អនុ​ញ្ញាត​ឲ្យ​ធ្វើការ និង​លក្ខខណ្ឌផ្ទាល់​។ បច្ចុប្បន្ន​ដំណាក់កាល​ទាំង​នោះ​ត្រូវ​បាន​បំពេញ​រួច​រាល់ហើយ និងពាក្យ​ស្នើ​សុំមួយ​​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​សុំ​ទិដ្ឋា​ការ​។ នៅ​ពេល​ដែល​ទិដ្ឋា​ការ​នេះ ត្រូវ​បាន​ចេញ​ឲ្យ Diallo នឹ​ង​ទទួល​បាន​សិទ្ធិ​ក្នុងការ​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Manchester​។ Diallo បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន​៥​លើក​សម្រាប់ក្លិប Atalanta និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់​។ លោក Ole Gunnar Solskjaer គ្រូបង្វឹក​របស់​ក្លិប Man United បាន​បញ្ជាក់​ថា យុវ​ជន​រូបនេះ បាន​ស្ថិតក្នុង​រ៉ា​ដា​របស់​ក្លិប​អស់រយៈ​ពេល​ជាច្រើន​ឆ្នាំមកហើយ​។

លោក​បាន​ឲ្យដឹងថា៖ «ក្លិប Manchester United មាន​ប្រវត្តិ​ជា​ទី​មោទន​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​កីឡាករ​វ័យ​ក្មេង ហើយ​អ្វី​ៗ​ត្រូវ​បាន​រៀ​ប​ចំ​ឡើង​ដើម្បី​អាច​ឲ្យ Amad ឈាន​ដល់​សក្តា​នុពល​របស់​គេ​នៅ​ទី​នេះ​»​។ តម្លៃ​ខ្លួន​នៃ​កា​រផ្ទេរ​ត្រូវ​បាន​បណ្តាញ​សារ​ព័ត៌មាន​នៅ​ចក្រ​ភព​អង់គ្លេស​រំពឹង​ទុក​មានចំនួន​២១​លាន​អឺ​រ៉ូ (ស្មើ​នឹង​២៥,៧៧​លាន​ដុល្លារ​​អាមេរិក)៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia