បរទេស៖ លោក Neil Young អ្នកចាត់ការទូទៅរបស់ក្រុម Marine បានថ្លែងអំណរគុណដល់លោក Jose Mourinho គ្រូបង្វឹកនៃក្រុម Tottenham ចំពោះការប្រើប្រាស់ក្រុមប្រជុំដោយកីឡាករខ្លាំង បើទោះបីធ្លាក់ចេញក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតពាន FA Cup ជុំទី៣ កាលពីថ្ងៃអាទិត្យក៏ដោយ ខណៈដែលកីឡាករ Carlos Vinicius បានស៊ុតបាល់បញ្ចូលទី៣គ្រាប់។
ការមានចំណាត់ថ្នាក់ឃ្លាតឆ្ងាយពីគ្នាដល់ទៅ១៦៨លេខរវាងក្រុមទាំង២ គឺជាគម្លាតដ៏ឆ្ងាយបំផុតរវាងគូប្រកួត២ ក្នុងរយៈពេល១៥០ឆ្នាំមកនេះ ក្នុងពាន FA Cup ស្របពេលដែលកីឡាកររបស់ក្រុម Spurs បានដណ្តើមយកឱកាសរបស់ខ្លួន ដើម្បីបង្ហាញពីសមត្ថភាព។ អ្នកគាំទ្រមិនត្រូវបានអនុញ្ញាតឲ្យចូលទស្សនាដោយផ្ទាល់ឡើយ ដោយសារតែបម្រាមនានាជុំវិញវីរុសកូរ៉ូណា ប៉ុន្តែ អ្នកគាំទ្រជាច្រើនបានទស្សនាពីឧស្យាន តាមផ្ទះរបស់ខ្លួន នៅផ្នែកខាងក្រោយនៃកីឡដ្ឋាន Rossett Park ដែលអាចផ្ទុកអ្នកទស្សនាបានត្រឹមតែ៣១៨៥នាក់ប៉ុណ្ណោះ។
ក្រុម Marine មិនបានបាត់បង់ចំណូលរបស់ខ្លួន ខណៈដែលអ្នកគាំទ្រចំនួន៣ម៉ឺននាក់ បានទិញសំបុត្រទស្សនាតាមអនឡាញ ដើម្បីគាំទ្រក្រុមមួយដែលរដូវកាលរបស់ពួកគេត្រូវបានកាត់បន្ថយដោយសារតែការឆ្លងរាតត្បាតនៃវីរុស។ លោក Young បានឲ្យដឹងថា៖ «ខ្ញុំត្រូវតែកោតសរសើរលោក Jose Mourinho និងក្រុមរបស់គាត់។ ពួកគេបានបង្ហាញឲ្យយើងឃើញពីការគោរពជាច្រើន»៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

