បរទេស៖ អតីតខ្សែប្រយុទ្ធ Manchester United លោក Dimitar Berbatov បានប្រាប់អោយ Jesse Lingard ស្វែងរកកន្លែងថ្មី ដើម្បីមានឱកាសបានបង្ហាញសមត្ថភាព។

Berbatov បានប្រាប់ Stadium Astro ថា “និយាយតាមត្រង់ទៅពេលវេលារបស់គេ ( Lingard ) បានដល់ទៅទីបញ្ចប់ហើយ។ រូបគេមិនសូវជាបានបង្ហាញខ្លួនទេនៅរដូវកាលនេះ ដោយវាអាចឆ្លុះបញ្ចាំងថាលោក Ole Gunnar Solskjaer អស់ទំនុកលើរូបគេហើយ។ ប្រសិនបើអ្នកនៅក្លឹបមួយរយៈពេលយូរបែបនេះ ហើយឈានចូលវ័យ២៨ឆ្នាំ អ្នកគួរតែក្រឡែកមើលទៅក្រោយវិញ ហើយនិយាយថា ‘តើខ្ញុំសម្រេចបានអ្វីខ្លះហើយ? តើខ្ញុំពេញចិត្តអ្វីដែលខ្លួនឯងបានធ្វើនៅទីនេះទេ? តើពេលវេលារបស់ខ្ញុំដល់ទីបញ្ចប់ហើយមែនទេ?’។ ដូចនេះខ្ញុំគិតថារូបគេគួរតែស្វែងរកក្លឹបថ្មីហើយ ដើម្បីមានឱកាសបានបង្ហាញសមត្ថភាពរបស់ខ្លួន”។

Jesse Lingard ទំនងជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដទៃទៀត​ ដែលអាចចាកចេញពី Manchester United ក្នុងខែមករានេះ ខណៈលោក Ole Gunnar Solskjaer ទើបតែបញ្ចាក់ថា Marcos Rojo និង​ Sergio Romero កំពុងស្វែកក្លឹបថ្មី ខណៈកុងត្រារបស់ពួកគេនឹងត្រូវផុតនៅខែមិថុនាខាងមុខនេះ រឺឯ Phil Jones និង​ Brandon Williams ក៏អាចនឹងចាកចេញផងដែរ៕

 

ប្រភពព័ត៍មាន៖ Manchester Evening News